(មេនឆេស្ទើ)៖ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Antony ដែលក្រុម Manchester United ទិញពី Ajax តម្លៃ ១១០លានដុល្លារកាលឆ្នាំ២០២២ ត្រូវបានលក់ចេញទៅឱ្យ Real Betis ហើយថ្ងៃនេះក្នុងតម្លៃតែ ២៩លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការលេង ៣ឆ្នាំនៅកីឡដ្ឋាន Old Trafford ខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះបង្ហាញខ្លួនបានតែ ៦២ប្រកួតនៅ Premier League ដោយស៊ុតបាន ៥គ្រាប់ និងបោះឱ្យគេស៊ុតបាន ៣លើកប៉ុណ្ណោះ មុនពេលត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅ ក្លឹបអេស្ប៉ាញខាងលើនាអំឡុងខែមករា ឆ្នាំ២០២៥ ដោយស៊ុតបាន ៩គ្រាប់ពីការបង្ហាញខ្លួនសរុប ២៦ប្រកួតនៅ La Liga។
ការផ្ទេរចេញពីទឹកដីអង់គ្លេសទៅកាន់អេស្ប៉ាញ នឹងត្រូវប្រកាសជាផ្លូវការនាថ្ងៃចន្ទ ទី០១ ខែកញ្ញានេះ ចំថ្ងៃបិទទីផ្សារទិញ-ដូរកីឡាករនាម៉ោង ១២យប់នេះតែម្តង។
ជាមួយគ្នានោះដែរ មិត្តរួមក្រុមនៅបិសាចក្រហម Kobbie Mainoo ត្រូវបានគេជឿជាក់ថា នឹងបន្តលេងនៅ United ទៀត បើទោះបីជាខ្សែបម្រើអង់គ្លេស វ័យ ២០ឆ្នាំរូបនេះចង់ចាកចេញ ដើម្បីមានជម្រើសលេងក៏ដោយ៕
ប្រភព៖ FRESHNEWS