ក្លិប Bayer Leverkusen បានកំណត់គោលដៅលើអតីតគ្រូបង្វឹក Barcelona លោក Xavi Hernandez ដើម្បីមកជំនួសលោក Erik ten Hag ដែលទើបត្រូវបានបណ្តេញចេញពីតំណែង។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន beIN Sports បានឱ្យដឹងថា ក្លិប Bayer Leverkusen កំពុងគិតគូអំពីគម្រោងដ៏រឹងមាំមួយ សម្រាប់ក្លិបក្នុងការប្រកួតប្រជែងនៅលីគ Bundesliga និងពាន អឺរ៉ុប។ បច្ចុប្បន្ន ពួកគេបានកំណត់អត្តសញ្ញាណលើលោក Xavi ជាគោលដៅធំបំផុត ដើម្បីមកជំនួសកន្លែងលោក Ten Hag។
ប្រភពដដែលបានបញ្ជាក់ថា ខាងភាគីក្លិប Bayer Leverkusen បានទាក់ទងដោយផ្ទាល់ទៅកាន់លោក Xavi ដើម្បីពិភាក្សារឿងនេះ។ ក្រុមប្រឹក្សាភិបាលរបស់ក្លិប Bayer Leverkusen ពេញចិត្តលើលោក Xavi ចំពោះស្តាយ៍នៃប្រព័ន្ធលេងរបស់លោក និងសមត្ថភាពក្នុងការបណ្តុះបណ្តាលយុវជន ដែលនេះគឺស្របទៅតាមចក្ខុវិស័យ ក្លិបកំពុងចង់បាន។
ទោះបីជាយ៉ាងណា ប្រភពជិតស្និទ្ធនឹងលោក Xavi បានបញ្ជាក់ ថា បច្ចុប្បន្នបុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៥ ឆ្នាំរូបនេះ គឺមិនទាន់មានបំណងវិលមកធ្វើជាគ្រូបង្វឹកវិញឡើយ ដោយសារលោកកំពុងផ្តោតលើជីវិតផ្ទាល់ខ្លួន និងគម្រោងផ្ទាល់ខ្លួនរបស់លោក ក្រៅអំពីការបង្វឹកក្រុមបាល់ទាត់។
គួរបញ្ជាក់ថា លោក Xavi បច្ចុប្បន្ន គឺមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់អំពីការវិលត្រឡប់មកក្នុងវិថីជាគ្រូបង្វឹកវិញឡើយ បន្ទាប់ពីលោកចាកចេញពី Barcelona កាលពីរដូវក្តៅឆ្នាំ ២០២៤៕
ប្រភព៖ KAMPUCHEATHMEY