សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងរៀបចំព្រឹត្តិការណ៍ការប្រកួតគុនខ្មែរអន្តរជាតិ រយៈពេល ២ ថ្ងៃនៅខេត្តសៀមរាប និងព្រឹត្តិការណ៍គុនខ្មែរដ៏ធំមួយទៀតនៅប្រទេសចិននាពេលដ៏ខ្លីខាងមុខ។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់«កម្ពុជាថ្មី»ថា សហព័ន្ធនឹងរៀបចំការប្រកួតគុនខ្មែរមិត្តភាពអន្តរជាតិ២ថ្ងៃនៅខេត្តសៀមរាប។ ការប្រកួតមិត្តភាពអន្តរជាតិ នៅខេត្តសៀមរាប គឺថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥ ជាការប្រកួតមិត្តភាពអន្តរជាតិ រវាងកម្ពុជា និង សហរដ្ឋអាមេរិក ព្រមទាំង កម្ពុជា ជាមួយ ម៉ាឡេស៊ី។ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ជាការប្រកួតថ្ងៃទី២ រវាង កម្ពុជា និងចិន ដែលដៃគូចិនមករៀបចំផ្ទាល់នៅកម្ពុជា។
លោក ខូវ ឆាយ បានបន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងភាគីចិនរួមដៃគ្នា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិដ៏ធំ នៅប្រទេសចិន នាថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិដ៏ធំនេះ ធ្វើឡើងនៅក្នុងទិវាបុណ្យជាតិរបស់ប្រទេសចិន។
«តាមផែនការគ្រោងទុកនឹងមានអ្នកទស្សនាផ្ទាល់ច្រើនបំផុតរហូតរាប់ម៉ឺននាក់នៅប្រទេសចិន។ ជាពិសេស ខាងកម្ពុជាយើងបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីកម្រិតខ្ពស់ៗ ឆ្នើមៗ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះ»។ ប្រធានសហព័ន្ធកីឡាគុនខ្មែរបានបញ្ជាក់។
មួយរយៈពេលចុងក្រោយនេះ អ្នកវិនិយោគចិនកាន់តែច្រើនបានចាប់អារម្មណ៍លើកីឡាប្រដាល់គុនខ្មែរតាមរយៈកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរលើការបណ្តុះបណ្តាលធនធានមនុស្ស និងអត្តពលិក។ ក្នុងនោះចិនបានមកបើកក្លិបប្រដាល់គុនខ្មែរ និងវិទ្យាស្ថានគុនខ្មែរនៅប្រទេសកម្ពុជា ហើយក៏មានបើកក្លិបប្រដាល់គុនខ្មែរជាបន្តបន្ទាប់ទៀតនៅប្រទេសចិន៕
ប្រភព៖ KAMPUCHEATHMEY