ប៉ះកីឡាករថៃ នៅហុងកុង សូត្រ ខេវិន មានភាគរយឈ្នះខ្សែក្រវាត់ បើមានកម្លាំងស្ទុះគ្រប់គ្រាន់

កីឡាករ សូត្រ ខេវិន នឹងត្រូវប្រកួតកីឡាប្រដាល់ដណ្ដើមខ្សែក្រវាត់ I-1 Supreme Boxing Champion នៅហុងកុង ជាមួយកីឡាករថៃ Johnny លើប្រភេទទម្ងន់ ៦៥គីឡូក្រាម នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។ លោក ស្រ៊ឺ ស្រេង អ្នកដឹកនាំកីឡាករគុនខ្មែរទៅប្រកួត មានជំនឿចិត្តថា កីឡាករកម្ពុជារូបនេះ នឹងឈ្នះអ្នកប្រដាល់ថៃ ប្រសិនជាកម្លាំងស្ទុះរបស់គ្រប់គ្រាន់។ ដោយឡែក អ្នកគាំទ្រមួយចំនួន មិនសូវជឿជាក់លើសមត្ថភាពខេវិនឡើយ។

លោក ស្រ៊ឺ ស្រេង ដែលត្រូវបានអ្នកគាំទ្រប្រដាល់គុនខ្មែរ ស្គាល់ថា សំណព្វ គុនខ្មែរ បានដឹកនាំកីឡាករ សូត្រ ខេវិន ទៅប្រកួតនៅហុងកុង ក្នុងសង្វៀន I-1។ លោក ស្រ៊ឺ ស្រេង ហាក់បីដូចជាដឹងច្បាស់ពីសមត្ថភាពរបស់ កីឡាករថៃ Johnny ដែលជាគូប្រកួតរបស់ សូត្រ ខេវិន។​ អ្នកដឹកនាំកីឡាកររូបនេះ បានប្រាប់ថា កីឡាករថៃរូបនេះ ជាកីឡាករក្បាច់ ប៉ុន្ដែមិនសូវបានប្រកួតឡើយ ដោយសារតែនៅហុងកុង កម្មវិធីប្រកួត មានតែ២ ទៅ ៣ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

យោងទៅលើការផ្សាយរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក ស្រ៊ឺ ស្រេង យល់ឃើញថា សូត្រ ខេវិន មានសមត្ថភាពមិនចាញ់កីឡាករថៃរូបនេះឡើយ។ កីឡាករកម្ពុជារូបនេះ នឹងមានលទ្ធភាពច្រើន​ក្នុងការដណ្ដើមខ្សែក្រវាត់ Supreme Boxing Champion នៅទឹកដីហុងកុង។ លោក សំណព្វ បញ្ជាក់ដូច្នេះ ទៅកាន់អ្នកគាំទ្រ ដើម្បីឲ្យពួកគេជឿថា កីឡាករកម្ពុជារូបនេះ នឹងមិនធ្វើជាបាវសាក់សម្រាប់បរទេសវាយ លើសង្វៀនអន្ដរជាតិឡើយ។

អ្នកដឹកនាំកីឡាកររូបនេះ បាននិយាយថា៖«ខ្ញុំ ឃើញហើយថាបងប្អូនមួយចំនួន រិះគន់ ហើយគិតថា ខេវិន ទៅប្រកួត គឺទៅឲ្យគេវាយ។ មែនទែនទៅ កីឡាករថៃ ដែលត្រូវវាយជាមួយនឹង ខេវិន គឺជាកីឡាករមិនល្បីខ្លាំងប៉ុន្មានទេ។ គាត់ គឺជាកីឡាករថៃ ដែលរស់នៅហុងកុង ក្នុងនាមជាគ្រូបង្វឹក។ ១ឆ្នាំ គាត់ប្រកួតបានតែ ៣ដង ព្រោះកម្មវិធីនៅហុងកុង ១ឆ្នាំ មានតែ ២ ឬ ៣ដងប៉ុណ្ណឹង។ ខ្ញុំធ្លាប់ឃើញគាត់ប្រកួត ២ដងហើយ។ សមត្ថភាពរបស់គាត់ មិនខ្លាំងណាស់ណាទេ។ ខ្ញុំ ចង់បញ្ជាក់ថា សមត្ថភាព ខេវិន អាចប្រកួតជាមួយគាត់បាន។»។

ជំនឿចិត្តរបស់ លោក ស្រ៊ឺ ស្រេង ហាក់បីដូចជាមិនមែន ១០០ភាគរយឡើយ។ សម្រាប់ សូត្រ ខេវិន រូបគេត្រូវមានកម្លាំងស្ទុះគ្រប់គ្រាន់នោះ ទើបអាចដណ្តើមខ្សែក្រវាត់បាន។ ផ្ទុយមកវិញ ប្រសិនជា ខេវិន មានកម្លាំងស្ទុះមិនគ្រប់គ្រាន់ទេ គឺមិនប្រាកដថា ឈ្នះឡើយ។«អ្វី ដែលខ្ញុំបារម្ភ មានតែមួយរឿងទេ គឺ ខេវិន ស្ទុះមិនដល់។ បើ ខេវិន ស្ទុះដល់ ខ្ញុំគិតថា ខេវិន មានលទ្ធភាពឈ្នះ ខ្សែក្រវាត់ ច្រើនជាង។ កីឡាករគេ ក្បាច់ដែរ ប៉ុន្ដែមិនធ្ងន់ប៉ុន្មានទេ។»។ នេះ បើតាមការបញ្ជាក់ពី លោក សំណព្វ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top