(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចែកគ្នា ១ពិន្ទុ ជាមួយក្រុមភ្ញៀវ U23 អូម៉ង់ ក្នុងជំនួបដំបូង នៃវគ្គជម្រុះជើងឯកបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) ឆ្នាំ២០២៦ ពូល G ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញនារាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។
ជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យលោក Badar Al-Maymani គ្រូបង្វឹកក្រុមជម្រើសជាតិ U23 អូម៉ង់ ហាក់មិនសប្បាយចិត្តជាខ្លាំង ពិសេសលោកបានសម្ដែងការខកចិត្ត ចំពោះស្នងការប្រកួតដែលអនុញ្ញាតឲ្យក្រុមទាំងពីរលេងទាំងភ្លៀង និងទីលានដក់ទឹក ស្របពេលគ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា លោក Koji Gyotoku បានសរសើរកូនក្រុម ហើយថា សមនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ បន្ទាប់ពីមានឱកាសជាច្រើន។
សម្រាប់គ្រូ U23 អូម៉ង់ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា «ខ្ញុំសប្បាយចិត្តចំពោះការធ្វើបានរបស់កីឡាករយើង តែយើងមិនសូវសប្បាយចិត្តជាមួយអាកាសធាតុ(ភ្លៀង)នោះទេ ហើយខ្ញុំក៏មិនសប្បាយចិត្តជាមួយស្នងការប្រកួតផងដែរ ដែលឲ្យបន្ដការប្រកួតទាំងភ្លៀង និងទីលានមានទឹកដក់ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការលេងរបស់កូនក្រុម ។ ខ្ញុំគិតថា នៅក្រៅគេមិនឲ្យលេងទេ តែស្នងការប្រកួតនេះ បែរឲ្យលេង»។
ដោយឡែកលោក Koji Gyotoku បានគូសបញ្ជាក់ថា ដោយសារបញ្ហាភ្លៀង លោកគ្មានជម្រើសលេងតាមស្ថានភាពជាក់ស្ដែង។ តែយ៉ាងណាកីឡាករកម្ពុជា ព្យាយាមធ្វើបានល្អ ជាមួយការបង្កើតឱកាសជាច្រើន ដែលជាការប្រកួតមួយលោកគិតថា កម្ពុជាអាចនឹងទទួលបានជ័យជម្នះ តែជាលទ្ធផលពេញម៉ោងបានត្រឹមស្មើគ្នា។ លោកថា «ការលេង មើលទៅ យើងអាចមានប្រៀបជាងគេ ហើយក៏ជាការប្រកួតមួយដែលយើងអាចទទួលបានជ័យជម្នះដែរ»។
គួរដឹងថា ជំនួបបើកឆាកពូលG រវាងក្រុមទាំងពីរ បានប្រព្រឹត្តទៅក្រោមដំណក់ភ្លៀងពេញ ៩០នាទី ដែលបង្ខំឲ្យក្រុមទាំងពីរ មិនអាចលេងតាមបច្ចេកទេស ដែលបានរៀបចំ។ យ៉ាងណាក្ដី គេឃើញក្រុមគោព្រៃជំទង់កម្ពុជា ហាក់មានឱកាសច្រើន ពិសេសឱកាសដ៏ស្រួចស្រើបនៅដើមវគ្គទី១ តែមិនអាចបញ្ចប់ទីបាន ហើយអូម៉ង់ ក៏ដូចគ្នា តែគ្មានក្រុមណា អាចស៊ុតបំប៉ោងសំណាញ់ទីគ្នាបានឡើយ ដោយបានត្រឹមរក្សាលទ្ធផល ០-០ រហូតចប់ការប្រកួតពេញម៉ោង។
លទ្ធផលស្មើគ្នានេះដែរ នាំឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា និង អូម៉ង់ ទទួលបាន ១ពិន្ទុស្មើគ្នា ដោយឈរលេខ២ និងលេខ៣ បណ្ដោះអាសន្ន តាមពីក្រោយក្រុមជម្រើសជាតិ U23 អ៊ីរ៉ាក់ ដែលរកបាន ៣ពិន្ទុ និងឈរកំពូលតារាង បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U23 ប៉ាគីស្ថាន យ៉ាងចាស់ដៃ ៨-១ នៅថ្ងៃជាមួយគ្នា។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបប៉ាគីស្ថាន គ្រាដែលអ៊ីរ៉ាក់ នឹងត្រូវជួបអូម៉ង់ នាថ្ងៃទី៦ ខែកញ្ញាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕
ប្រភព៖FRESHNEWS