កម្មវិធីប្រដាល់ I-1 World Supreme Championship ជាការប្រកួតក៏ធំមួយរបស់ប្រទេសចិន ហុងកុង និងប្រជុំដោយជើងខ្លាំងមកពីជុំវិញពិភពលោកបានក្រសោបយកប្រជាប្រិយភាព និងមានអ្នកតាមដានទស្សនាជាច្រើនទាំងការទស្សនាផ្ទាល់ និងប្រព័ន្ធ Online។
ក្នុងចំណោមកីឡាករល្បីៗជុំវិញពិភពលោកទាំងនោះក៏មានជើងខ្លាំងរបស់កម្ពុជា ២រូបដណ្ដើមបានឈ្នះខ្សែក្រវាត់រហូតដល់ទៅ ៣ខ្សែផងដែរនាពេលកន្លងទៅនេះ។ នៅពេលនេះ កម្ពុជាថ្មី សូមលើកយកសមិទ្ធផលខ្សែក្រវាត់ទាំង ៣ខ្សែនេះជូនប្រិយមិត្តបានដឹងទាំងអស់គ្នាដូចតទៅ។
ខ្សែក្រវាត់ទី១ ឈ្នះដោយអ្នកលេងគុនខ្មែរ ឈឿង ល្វៃ បន្ទាប់ពីរូបគេប្រកួត World Super-4 Champion កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ កាលនោះនៅជុំទី១ រូបគេផ្ដួលកីឡាករថៃ Fahsang ឲ្យសន្លប់នៅទឹកទី១ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និងបន្តឈ្នះពិន្ទុលើជើងខ្លាំងអាល្លឺម៉ង់ Elysee Kochiese ទទួលបានខ្សែក្រវាត់ ១គ្រឿងលើប្រភេទទម្ងន់ ៧៥គីឡូក្រាម។
ខ្សែក្រវាត់ទី២ ឈ្នះដោយអ្នកលេងគុនខ្មែរ ឈឿង ល្វៃ ដដែលដោយនៅពេលនោះរូបគេបានប្រកួតឈ្នះពិន្ទុដាច់ជើងខ្លាំងរបស់អ៊ីតាលី Luca Lombardo កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ទទួលបានខ្សែក្រវាត់ ១គ្រឿងលើប្រភេទទម្ងន់ ៧៥គីឡូក្រាម។ ដូច្នេះសរុបទៅកីឡាករ ឈឿង ល្វៃ ឈ្នះខ្សែក្រវាត់ដល់ទៅ ២ខ្សែម្នាក់ឯងពីកម្មវិធី I-1 World Supreme Championship។
ខ្សែក្រវាត់ទី៣ ឈ្នះដោយអ្នកលេងគុនខ្មែរ សូត្រ ខេវិន ដោយរូបគេបានប្រកួតឈ្នះពិន្ទុលើកីឡាករសៀម JOHNNY កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានខ្សែក្រវាត់ ១គ្រឿងលើប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ជ័យជម្នះមួយនេះបានធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាមានការកក្រើកឡើងវិញទាំងយប់ដោយសារទី១ ជាការអបអរសារទរ ព្រោះបានឈ្នះលើកីឡាករសៀម ទី២ បានបញ្ចប់មតិរិះគន់រវាងអ្នកគាំទ្រ និងអ្នកគាំទ្រនៅកម្ពុជាដែលជជែកដូចបាយពុះរឿងយកកីឡាករសមត្ថភាពប៉ុណ្ណោះ ឬប៉ុណ្ណោះចាំឲ្យចេញទៅប្រកួតនៅក្រៅប្រទេសជាដើម៕
ប្រភព៖ KAMPUCHEATHMEY