(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងបន្ដក្រុមជម្រើសជាតិ U23 ប៉ាគីស្ថាន នាវេលាម៉ោង ៧យប់ថ្ងៃទី៦ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ខណៈគ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាលោក Koji Gyotoku ថា នឹងផ្ដោតសំខាន់លើការខំប្រឹងលេងឲ្យអស់ពីសមត្ថភាពរបស់កូនក្រុម ជាជាងការរំពឹងលទ្ធផលទុកមុន។
នេះគឺជាការប្រកួតទី២ នៅក្នុងវគ្គជម្រុះជើងឯកបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) ឆ្នាំ២០២៦ ពូលG ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីប្រកួតដំបូង ក្រុមជម្រើសជាតិ U23 កម្ពុជា បានស្មើក្រុមជម្រើសជាតិ U23 អូម៉ង់ ០-០ គ្រាដែលប៉ាគីស្ថាន គឺបានចាញ់ក្រុម U23 អ៊ីរ៉ាក់ ៨-១ កាលពីថ្ងៃពុធកន្លងទៅ។
ជាមួយការប្រកួតបន្ទាប់នេះដែរ លោក Koji Gyotoku បានប្ដេជ្ញានឹងបន្ដរៀបចំ និងជំរុញកូនក្រុម ត្រូវព្យាយាមលេងឲ្យអស់ពីសមត្ថភាព មិនទាន់គិតដល់ការរំពឹងត្រូវយកឈ្នះ ឬលទ្ធផលយ៉ាងម៉េចបានទេ អ្វីដែលសំខាន់ គឺការខំប្រឹងឲ្យអស់ពីសមត្ថភាព ហើយលោកនឹងប្រើប្រាស់កីឡាករដែលមានលក្ខខណ្ឌពេញលេញក្នុងការប្រកួតដ៏សំខាន់នេះ។
គួរដឹងថា នេះគឺជាការប្រកួតដ៏សំខាន់ផងដែរ ដែលក្រុមគោព្រៃជំទង់កម្ពុជា ត្រូវការជ័យជម្នះ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ។ ប៉ុន្ដែមុនឈានដល់ជំនួបរវាងកម្ពុជា និងប៉ាគីស្ថាន ក៏នឹងមានជំនួប ១គូទៀត រវាងក្រុមជម្រើសជាតិ U23 អ៊ីរ៉ាក់ និង U23 អូម៉ង់ ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៤រសៀលថ្ងៃសៅរ៍នេះផងដែរ៕
ប្រភព៖ FRESHNEWS