មានគ្រាមួយ Zidane លាឈប់ដឹកនាំ Real ក៏ព្រោះក្លឹបព្យាយាមទិញកីឡាករពី Man Utd

(បរទេស)៖ លោក Zinedine Zidane ដែលកំពុងទំនេរពីការងារបង្វឹក ត្រូវបានគេទម្លាយអាថ៌កំបាំងមួយ ដែលញាំងឱ្យបុរសសញ្ជាតិបារាំងរូបនេះ បង្ខំចិត្តចាកចេញពីតួនាទីអ្នកចាត់ការទូទៅ Real Madrid ព្រោះក្លឹបព្យាយាមទិញកីឡាករពី Manchester United ខ្លាំងពេក។

ថ្មីៗនេះដែរ Zidane ត្រូវបានគេទាក់ទងឱ្យចូលប្រឡូកក្នុងពិភពបង្វឹកក្រុមបាល់ទាត់វិញ ជាមួយព័ត៌មានខ្លះនៅតួកគីបានផ្យាយថា អតីតវីរបុរសបារាំងរូបនេះ ត្រូវបានបញ្ចុះបញ្ចូល ដើម្បីទៅជំនួសតំណែងលោក Jose Mourinho ក្នុងក្លឹប Fenerbahce ទៀតផង។

ទោះជាយ៉ាងណា បើតាមប្រភពពី L’Equipe របស់បារាំងវិញបានចេញផ្សាយថា Zidane ខ្លួនឯងគឺបានត្រៀមរួចរាល់ហើយ ដើម្បីដឹកនាំក្រុមមាន់គកបារាំង ជំនួសកៅអីគ្រូបង្វឹកបច្ចុប្បន្ន លោក Didier Deschamps បន្ទាប់ពីចប់ World Cup ឆ្នាំក្រោយ។

Zidane វ័យ ៥៣ឆ្នាំ បានលាឈប់ភ្លាមៗ បន្ទាប់ពីដឹកនាំ Real ឈ្នះជើងឯកអឺរ៉ុប UEFA Champions League ៣សម័យជាប់គ្នា ជាមួយនឹងរបាយការណ៍ដែលគេសង្ស័យថា មានទំនាស់ជាមួយប្រធានក្លឹប លោក Florentino Perez ជុំវិញគម្រោងការទិញដូរកីឡាករ។

បើយោងតាមការចេញផ្សាយដោយ The Sun នៅឆ្នាំ២០១៨ បានឱ្យដឹងថា Zidane បានប្រាប់លោក Perez ពីបំណងចុះកិច្ចសន្យានាំយក Eden Harzard ពីតោខៀវ Chelsea ក៏ប៉ុន្តែលោកប្រធាន «បដិសេធ» និងបានប្រាប់ទៅ Zidane វិញថា លោកចង់បានកីឡាករចាំទី David de Gea មកពី Manchester United ជំនួសវិញ ស្របពេល Zidane មានអ្នកចាំទីដៃទី១ Keylor Navas ដែលបានបង្ហាញទម្រង់ឈានដល់ចំណុចកំពូលទៅហើយនោះ។

មិនយូរប៉ុន្មាន Zidane ដែលបានរួមចំណែកជួយបារាំងឈ្នះ World Cup 1998 ក្នុងដី និងឈានដល់ផ្តាច់ព្រ័ត្រម្តងទៀតឆ្នាំ២០០៦ នៅអាល្លឺម៉ង់ ក៏បានប្រាប់លោក Perez ចំពោះការចាកចេញ និងបានថ្លែងថា «អ្វីដែលខ្ញុំបានធ្វើ ខ្ញុំបានបញ្ចប់រួចរាល់ហើយ។ សូមអ្នកមើលថែរក្សាក្លឹបនេះបន្តផង»

នៅទីបំផុត De Gea ក៏មិនបានមកចូលរួមជាមួយ Real សមតាមបំណងរបស់ Perez លើកលែងតែ Hazard ដែលជាបំណងរបស់ Zidane ក្នុងទីផ្សារទិញដូរកីឡាករបន្ទាប់ ក្នុងតម្លៃកប់ពពក ១៣០លានផោន៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top