លីគបាល់ទាត់បុរស និងនារីកម្ពុជា ចាប់ផ្ដើមឡើងវិញ បន្ទាប់ពីសម្រាកជិត ១ខែ

លីគបាល់ទាត់នារីកម្ពុជា និង Cambodian Premier League នឹងចាប់ផ្ដើមការប្រកួតឡើងវិញ នៅថ្ងៃទី១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីសម្រាកជិតមួយខែ ដោយសារក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាទាំង២ផ្នែក មានភារកិច្ច ប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា (FIFA’s Day) និងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លីគនារីកម្ពុជា (Cambodian Women’s League)

លីគនារីកម្ពុជា នឹងដំណើរការប្រកួតឡើងវិញសម្រាប់សប្ដាហ៍ទី៥ នាថ្ងៃទី១៣-១៤ កញ្ញា ឆ្នាំ២០២៥ ប​ន្ទាប់ពីសម្រាក តាំងពីថ្ងៃទី២១ ខែកក្កដា។ ភ្នំពេញក្រោននារី​ ត្រូវស្វាគមន៍ ក្រុមនារីវិសាខា នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន ក្នុងកីឡដ្ឋាន Smart RSN វេលាម៉ោង ៣:៣០រសៀល នាថ្ងៃទី១៣ កញ្ញា ខណៈក្លិបបាល់ទាត់មីស្ទើរលេង ទទួល ក្រុមនារីព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានមីស្ទើរលេង។

លុះចូលមកដល់ថ្ងៃទី១៤ កញ្ញា វេលាម៉ោង៣:៣០ ក្លិបបាល់ទាត់បឹងកេត ប៉ះក្រុមណាហ្គាវើលដ៍ នៅទីលានហ្វឹកហាត់បឹងកេត ទន្ទឹមពេល ក្លិបបាល់ទាត់សៀមរាប ជួបជាមួយសមាគមបាល់ទាត់ខេត្តកណ្ដាល នៅកីឡដ្ឋានខេត្តសៀមរាប។

គិតត្រឹមសប្ដាហ៍ទី៤ ក្រុមនារីភ្នំពេញក្រោន នៅចំណាត់ថ្នាក់លេខ១ មាន ១២ពិន្ទុ តាមពីក្រោយដោយក្រុមវិសាខា មាន១០ពិន្ទុ នៅចំណាត់ថ្នាក់លេខ២។ រីឯក្រុមលេខ៣ ណាហ្គាវើលដ៍ មាន៩ពិន្ទុ ខណៈបឹងកេត នៅចំណាត់ថ្នាក់លេខ៤ មាន៦ពិន្ទុ។ ក្រុមនារីព្រះខ័នរាជស្វាយរៀង នៅចំណាត់ថ្នាក់លេខ៥ មាន ៤ពិន្ទុ និងចំណាត់ថ្នាក់លេខ៦ ក្រុមបាល់ទាត់មីស្ទើរលេង មាន៣ពិន្ទុ។ ចំណែកលេខ៧ ក្រុមបាល់ទាត់នារីខេត្តសៀមរាប មាន១ពិន្ទុ និងបាតតារាង ក្រុមនារីខេត្តកណ្ដាល មិនមានពិន្ទុ។

លីគបុរស (Cambodian Premier League)

លីគកំពូលកម្ពុជា នឹងដំណើរនៅចុងសប្ដាហ៍នេះ នាថ្ងៃទី១៣ និង១៤ កញ្ញា បន្ទាប់ពីសម្រាកបន្ទាប់ពីថ្ងៃទី២៤ ខែសីហា។ ចំពោះការប្រកួតសម្រាប់សប្ដាហ៍ទី៤ នាថ្ងៃទី១៣ សីហា អង្គរថាយហ្គឺរ ត្រូវស្វាគមន៍ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន Akihiro Kato វេលាម៉ោង ៦:០០ ល្ងាច ស្របពេល ណាហ្គាវើលដ៍ ទទួលក្រុម អឹម អូ អាយ កំពង់ដេវ៉ា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។

លុះចូលដល់ថ្ងៃទី១៤ កញ្ញា ការប្រកួត ៣គូ នឹងចាប់ផ្ដើមក្នុងពេលជាមួយគ្នា នាម៉ោង ៦:០០ល្ងាច។ វិសាខា ត្រូវជួបជាមួយ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានព្រីនស៍ ខណៈ បឹងកេត ប៉ះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់។ ចំណែកនៅកីឡដ្ឋានឡាយហ្វ៍ ក្នុងខេត្តព្រះសីហនុ ក្រុមឡាយហ្វ៍ នឹងត្រូវទទួលភ្នំពេញក្រោន។

គិតត្រឹមសប្ដាហ៍ទី៣ ព្រះខ័នរាជស្វាយរៀង ឈរនៅលេខ១ បណ្ដោះអាសន្ន មាន៩ពិន្ទុ ខណៈ អង្គរថាយហ្គឺរ មាន៦ពិន្ទុ នៅចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយកងយោធពលខេមរភូមិន្ទ ចំណាត់ថ្នាក់លេខ៣ មាន៥ពិន្ទុ។ ចំណែក វិសាខា ចំណាត់ថ្នាក់លេខ៤ ក្រុម អឹម អូ អាយ កំពង់ដេវ៉ា លេខ៥ ណាហ្គាវើលដ៍ លេខ៦ និងបឹងកេត លេខ៧ សុទ្ធតែមាន ៤ពិន្ទុស្មើគ្នា។ គិរីវង់សុខសែនជ័យ នៅចំណាត់ថ្នាក់លេខ៨ មាន៣ពិន្ទុ ខណៈភ្នំពេញក្រោន ឈរចំណាត់ថ្នាក់លេខ៩។ រីឯ ឡាយហ្វ៍ ព្រះសីហនុ នៅលេខ១០ មានសូន្យពិន្ទុ ដូចគ្នាទៅនឹងក្រុមបាតតារាង អាយ អេស អាយ ដង្កោសែនជ័យ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top