អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Hatton ស្លាប់នៅវ័យ ៤៦ឆ្នាំ

អតីតម្ចាស់ខ្សែក្រវាត់កីឡាករប្រដាល់ពិភពលោក Ricky Hatton ទទួលមរណភាពក្នុងវ័យ ៤៦ឆ្នាំនៅផ្ទះរបស់គេក្នុងទីក្រុង Greater Manchester នៅថ្ងៃទី១៤ ខែកញ្ញា។ មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់អតីតគូប្រជែង Manny Pacquiao និង Floyd Mayweather រូបនេះនៅឡើយទេ។

ប៉ូលិសក្រុង Greater Manchester ប្រទេសអង់គ្លេស រាយការណ៍ថាសាកសពមនុស្សម្នាក់ត្រូវបានរកឃើញនៅផ្ទះរបស់ Hatton នៅម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី១៤ ខែកញ្ញា។ ក្រោយការពនិត្យ សាកសពនោះគឺជាកីឡាករប្រដាល់អង់គ្លេសតែម្តង។ យ៉ាងណាក៏ដោយ មកទល់ពេលការស្លាប់នេះនៅមិនទាន់រកឃើញថាជាករណីគួរសង្ស័យនៃអំពើឃាតកម្មណាមួយឡើយ។

Hatton ដែលដំណើរការអាជីពប្រដាល់ពីឆ្នាំ១៩៩៧ មានប្រវត្តិប្រកួត ៤៨ដង ឈ្នះ៤៥ដង មុនសម្រេចចូលនិវត្តន៍នៅឆ្នាំ២០១២។ កីឡាករអង់គ្លេស ដែលជាអតីតជើងឯកពិភពលោកធ្លាប់បរាជ័យ៣លើក ក្នុងចំណោមនោះចាញ់ក្រោមដៃស្តេចប្រដាល់អាម៉េរិក Mayweather នៅឆ្នាំ២០០៧ និងស្តេចប្រដាល់ហ្វីលីពីន Pacquiao នៅឆ្នាំ២០០៩។

បើតាមការផ្សាយរបស់កាសែត BBC ក្រោយចូលនិវត្តន៍ Hatton បានព្យាបាល ផ្តាច់ការសេព គ្រឿងស្រវឹង និងជំងឺធ្លាក់ទឹកចិត្ត ហើយនៅទីបំផុតរូបគេមានភាពប្រសើរឡើងវិញ ដោយបាន ចូលរួមក្នុងការប្រកួតពិព័រណ៍ជាមួយវីរបុរសម៉ិកស៊ិក Marco Antonio Barrera ក្នុងឆ្នាំ២០២២។

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ វិរបុរសប្រដាល់អង់គ្លេស វ័យ៤៦ឆ្នាំ ថែមទាំងបានប្រកាសថានឹងត្រឡប់ទៅកាន់សង្វៀនសាជាថ្មីនៅខែធ្នូ ដោយត្រូវតទល់កីឡាករ Eisa Al Dah ដែលមានវ័យដូចគ្នា លើសង្វៀនក្រុងឌូបៃ។

លោក David Beckham, Tyson Fury, Pep Guardiola និង Wayne Rooney ជាដើម សុទ្ធតែបង្ហាញការសោកស្តាយចំពោះមរណភាពរបស់ Hatton។ ក្រៅពីអាជីពអ្នកប្រដាល់ Hatton ជាអ្នកគាំទ្រកីឡាបាល់ទាត់មួយរូបដែរ ហើយក្រុមដែលរូបគេគាំទ្រគឺ Manchester City៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top