Crawford ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ៣ប្រភេទទម្ងន់ផ្សេងគ្នា ក្រោយផ្តួល Alvarez

អ្នកប្រដាល់អាម៉េរិក Terence Crawford បានផ្តួលកីឡាល្បីរបស់ម៉ិកស៊ិក Canelo Alvarez ដណ្តើមបានខ្សែក្រវាត់ពិភពលោកទម្ងន់មធ្យម (Super Middleweight) របស់ស្ថាប័ន The Ring កាលពីថ្ងៃទី១៣ កញ្ញា និងក្លាយជាអ្នកប្រដាល់ដំបូងគេ​ឈ្នះខ្សែក្រវាត់ពិភពលោក ៣ប្រភេទទម្ងន់ផ្សេងៗគ្នា។

ជ័យជម្នះទល់អ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez លើសង្វៀន Allegiant បានធ្វើឱ្យ Crawford បន្តកំណត់ត្រាប្រកួតមិនចាញ់ចំនួន ៤២លើកជាប់ៗគ្នា ហើយចំណោមនោះបានផ្តួលគូប្រកួតសន្លប់ ៣១លើក។ ក្រៅពីខ្សែក្រវាត់ The Ring Champions កម្រិតទម្ងន់មធ្យម ដែលមានការទទួលស្គាល់ពីសហព័ន្ធប្រដាល់ធំៗរួមមាន WBA, WBO,  WBC និង IBF  កីឡាករវ័យ ៣៧ឆ្នាំ ក៏ធ្លាប់បានឈ្នះខ្សែក្រវាត់ កម្រិតទម្ងន់ស្រាលរបស់ស្ថាប័នប្រដាល់កំពូលទាំងអស់នេះរួចមកហើយដែរ​។

ដើម្បីអាចតទល់អ្នកប្រដាល់​ម៉ិកស៊ិក កីឡាករអាម៉េរិក Crawford ត្រូវដំឡើងទម្ងន់ លើសពីទម្ងន់ដើមរបស់គេចំនួន ១៤៧ផោន(៦៦,៦គីឡូក្រាម) ទៅ ១៦៧,៥ផោន(៧៦គីឡូក្រាម) ទើបគេអាចប្រកួតបាន។ 

កន្លងមកអ្នកប្រដាល់សញ្ជាតិអាម៉េរិក តែងតែប្រកួតនៅក្នុងប្រភេទទម្ងន់ស្រាល (Super Lightweight) និងទម្ងន់ស្រាលមធ្យម (Welterweight) ប៉ុណ្ណោះ។ តែដើម្បីប្រកួតទល់នឹង Canelo Alvarez រូបគេបានបង្កើនទម្ងន់ ឱ្យសមស្របទៅនឹងកម្រិតទម្ងន់មធ្យម រហូតអាចបង្កើតប្រវត្តិសាស្ត្រថ្មីបែបនេះ។ បច្ចុប្បន្ន អ្នកប្រដាល់វ័យ ៣៧ឆ្នាំ មានខ្សែក្រវាត់ រហូតដល់ ៥ ស្ថាប័នផ្សេងៗគ្នា ក្នុងនោះខ្សែក្រវាត់កម្រិតពិភពលោកចំនួន ៣។

Crawford បានធ្វើឱ្យមនុស្សជាច្រើនដែលរិះគន់គេ ថាគេមិនអាចប្រកួតឈ្នះកីឡាករសញ្ជាតិម៉ិកស៊ិកវ័យ ៣៥ឆ្នាំ មានភាពស្រឡាំងកាំង និងភ្ញាក់ផ្អើល ជាពិសេសអ្នកគាំទ្រប្រដាល់ដែលបានចូលទស្សនាការប្រកួតប្រមាណជាង ៧ម៉ឺននាក់ ក្នុងសង្វៀន Allegiant។ ​កីឡាករវ័យ ៣៧ឆ្នាំ ផ្តួល Alvarez ដោយភាពរហ័សរហួននៃចលនារាងកាយ និងដៃរបស់គេ ដ្បិតអីគេធ្លាប់ប្រកួតនៅប្រភេទទម្ងន់ស្រាល ទាមទាឱ្យមានភាពរហ័សរហួនខ្លាំងក្នុងការប្រកួត។

បន្ទាប់ពីឈ្នះជំនួបនេះ អ្នកប្រដាល់អាម៉េរិក ចាត់ទុកនេះជាជ័យជម្នះដ៏មានន័យបំផុតមួយក្នុងអាជីពខ្លួន។ «Canelo ជាជើងឯកដ៏អស្ចារ្យមួយរូប ហើយគេប្រកួតប្រជែងក្នុងនាមជាកីឡាករជើងឯកថ្ងៃនេះ។ ខ្ញុំគិតថាខ្ញុំធ្វើបានល្អជាងគេនៅថ្ងៃនេះ ខ្ញុំធ្វើបានខ្លាំងជាគេ និងវាយចំគោលដៅខ្លាំងជាង។ វាពិតជាមានន័យខ្លាំងសម្រាប់ខ្ញុំអាជីពរបស់ខ្ញុំ […]។»។ នេះបើតាមសម្តីរបស់ Crawford ក្រោយប្រកាសលទ្ធផលប្រកួត។

Alvarez វ័យ ៣៥ឆ្នាំ ជាម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម ៤ស្ថាប័នផ្សេងគ្នា ស្គាល់រស់ជាតិចាញ់ការប្រកួតលើកទី៣ ក្នុងអាជីពរបស់គេ ពោលគឺកំណត់ត្រាប្រកួត ៦៨លើក ឈ្នះ ៦៣លើក ស្មើ ២លើក និងចាញ់ ៣លើក។ ក្រោយចប់ការប្រកួតទៅ កីឡាករម៉ិកស៊ិក ត្រូវបានគេរាយការណ៍ថា ទទួលបានប្រាក់ ១០០លានដុល្លារ ពីការប្រកួតទល់ Crawford៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top