កាន់​ ម៉េងហុង​ បេក្ខភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​បាយ័ន

បេក្ខភាព​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​លើ​សង្វៀន​បាយ័ន ​ស្អែក​នេះ​ល្អៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មាន​ កាន់​ ម៉េងហុង​ គឿម​ សុវណ្ណឃីម​ ច្បាស់​ណាស់​នឹង​កក្រើក​ការ​ប្រកួត​មួយ​នេះ​ហើយ។​

ម៉ារ៉ាតុងដណ្ដើមប្រាក់លានលើប្រភេទទម្ងន់ ៥៤គីឡូក្រាមនេះមានបេក្ខភាពកម្ពុជា ២រូបគឺ កាន់ ម៉េងហុង គឿម សុវណ្ណឃីម ខណៈបរទេសមានមកពី ប្រេស៊ីល និងកីឡាករមកពីប្រទេសឡាវ។

ទម្ងន់ ៥៤គីឡូក្រាមនេះ កាន់ ម៉េងហុង ចាត់ចូលជាកីឡាករជួរមុខមួយរូបនៅកម្ពុជាផងដែរ។ រូបគេជាកីឡាករវាយក្បាច់ និងមានអាវុធអាចប្រើប្រាស់បានទាំងអស់ ទាត់ កែង ជង្គង់ ម៉ាត់ និងធាក់។ ប៉ុន្តែអ្នកប្រដាល់រូបនេះមិនសូវវាយកាច ឬសម្រុកផ្ដួលដៃគូឲ្យសន្លប់នោះឡើយ ពោលវាយតាមដំណើរវាយបែបសប្បាយៗ។

ចំណែក​កីឡាករ​កម្ពុជា​មួយ​រូប​ទៀត​គឺ​ គឿម​ សុវណ្ណឃីម​ វិញ​ក៏​មិន​ធម្មតា​ដែរ​កំពុង​មាន​កេរ្តិ៍ឈ្មោះល្បី​ឈ្នះ​ខ្សែក្រវាត់​ជា​បន្តបន្ទាប់។​ បើ​ទោះ​ជា​រូប​គេ​នៅ​ក្មេង​ខ្ចី​បន្តិច​មែន​ ប៉ុន្តែ​ផ្លែ​វាយ​ចេញ​ល្អ​ច្បាស់​ និង​វាយ​កាច​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ទៀត​ផង។​ ម៉ារ៉ាតុង​នេះ​ប្រសិន​បើ​កម្ពុជា​ប៉ះ​គ្នា​នៅ​វគ្គផ្ដាច់ព្រ័ត្រ​គឺ​នឹង​តានតឹង​ហើយ​ល្អ​មើល​តែ​ម្ដង​ ព្រោះ​ទាំង​ ម៉េងហុង​ និង​ សុវណ្ណឃីម​ សុទ្ធតែ​អ្នក​ល្អ​ដូច​គ្នា។​

កុំ​ភ្លេច​រង់ចាំ​ទស្សនា​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់លាន​លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​នេះ​នៅ​ថ្ងៃ​សៅរ៍​ ទី២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​បាយ័ន​ ចាប់​ពី​ម៉ោង​ ៥កន្លះ​ល្ងាច​តទៅ​ក្នុង​កម្មវិធី​ «អ្នក​ចម្បាំង​កម្លាំង​កម្ពុជា»៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top