កីឡាករតេន្នីស Carlos Alcaraz ដែលបានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកកាលពីថ្ងៃទី២២ ខែកញ្ញា បានគ្រងជើងឯកពាន Japan Open 2025 មុនពេលប្រកាសដកខ្លួនចេញពីកម្មវិធី Shanghai Open របស់ចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារម្សិលមិញ។
ជើងខ្លាំងអេស្ប៉ាញរូបនេះ បានឈ្នះពានទី៨ ហើយក្នុងកម្រិត ATP នៅក្នុងឆ្នាំនេះដែលត្រូវបានរៀបចំឡើង នៅទីក្រុង Tokyo ប្រទេសជប៉ុន។
ក្នុងជំនួបផ្តាច់ព្រ័ត្រនោះដែរ Alcaraz បានផ្តួលកីឡាករអាមេរិក Taylor Fritz ដោយលទ្ធផល ៦-៤ និង ៦-៤ នៅមុនពេលប្រកាសមិនចូលរួមកម្មវិធី Shanghai Open តាមរយៈការជូនដំណឹងនៅលើបណ្តាញសង្គម Instagram និងត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «វាជាការសម្រេចចិត្តដ៏ល្អបំផុតមួយ ដើម្បីយកពេលសម្រាក និងព្យាបាលរបួសឡើងវិញ»។
លោកថា «សំណាងមិនល្អ ខ្ញុំមានបញ្ហារបួសតិចតួច និងក្រោយពេលពិគ្រោះជាមួយក្រុមគ្រូពេទ្យរួចមក ពួកយើងជឿជាក់ថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានពេលពង្រឹងកាយសម្បទាឡើងវិញទៀតផង»។
គួរជម្រាបផងថា Alcaraz មានបញ្ហារបួសកជើង នៅអំឡុងប្រកួតបើកឆាកជុំទី១ នៅឯកម្មវិធី Japan Open 2025 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក៏ប៉ុន្តែពុំបានបង្ហាញសញ្ញាធ្ងន់ធ្ងរណាមួយឡើយ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រទល់នឹង Fritz៕
ប្រភព៖ FRESHNEWS



