World Cup 2026៖ បាតុករប៉ាឡេស្ទីន តវ៉ាក្រុមអុីតាលី កុំឱ្យ​ប្រកួត នឹងអុីស្រាអែល

បាតុការគាំទ្រប៉ាឡេស្ទីន បាននាំគ្នាសម្រុកចូលទីលានហ្វឹកហាត់ក្រុមជម្រើសជាតិអ៊ីតាលី កាលពីសប្តាហ៍មុន ដើម្បីទាមទារឱ្យក្រុមអ៊ីតាលី លុបចោលការប្រកួតទល់នឹងក្រុមជម្រើសជាតិអ៊ីស្រាអែល ក្នុងវគ្គជម្រុះ FIFA World Cup 2026 ទ្វីបអឺរ៉ុប (UEFA) ជុំវិញបញ្ហាសង្គ្រាមនៅតំបន់កាហ្សា។

នេះជាការតវ៉ាថ្មីមួយថែមទៀតពីសំណាក់ក្រុមបាតុករ ដើម្បីប្រឆាំងទៅនឹងប្រទេសអ៊ីស្រាអែល មិនឱ្យចូលរួមការប្រកួតកីឡានានាក្នុងទ្វីបអឺរ៉ុប ក្រោយពីអ៊ីស្រាអែល បានបន្តវាយប្រហារចូលក្នុងតំបន់កាហ្សា និងធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ស្លាប់។

តាមពិតទៅអ៊ីតាលី នឹងត្រូវទទួលភ្ញៀវអ៊ីស្រាអែល ស្ថិតក្នុងទីក្រុង ​Udines នៅថ្ងៃទី១៤ ខែតុលា ខណៈ UEFA​ កំពុងពិចារណា ក្នុងការហាមឃាត់ក្រុមអ៊ីស្រាអែល និងក្លិបពីការប្រកួតនានា ក្រោមការគ្រប់គ្រងរបស់ពួកគេ ជុំវិញបញ្ហាសង្គ្រាមតំបន់កាហ្សា។ អំឡុងការតវ៉ាពីសំណាក់បាតុករប៉ាឡេស្ទីន ក្រុមកីឡាករនិងគ្រូបង្វឹកអ៊ីតាលី មិនបានស្ថិតក្នុងទីលានហ្វឹកហាត់ Coverciano ក្នុងទីក្រុង ​Florence ប៉ុន្តែក្រុមបានផ្លាស់ប្តូរថ្ងៃហ្វឹកហាត់ឡើងវិញ។

ចាប់តាំងពីថ្ងៃទី១ ខែតុលា ក្រុមបាតុការបាននាំចេញតវ៉ាប្រឆាំងអ៊ីស្រាអែល នៅទូទាំងតំបន់ដែលនឹងមានការប្រកួតដោយមានវត្តមានក្រុមកីឡាមកពីអ៊ីស្រាអែល គ្រប់ប្រភេទកីឡាទាំងអស់ មិនថាតែបាល់ទាត់ឡើយ។ ផ្ទាំងបដាធំៗ ទាមទារឱ្យដកក្រុមអ៊ីស្រាអែលពីការប្រកួត តែងត្រូវបានឃើញរាល់ការតវ៉ាទាំងនោះ ហើយក្រុមបាតុករ ទទូចឱ្យហាមឃាត់ព្រោះតែមិនចង់ឱ្យអ៊ីស្រាអែលប្រើរូបភាពកីឡាបិទបាំងអំពើឃោរឃៅរបស់ពួកគេ ក្នុងតំបន់កាហ្សា។

សហព័ន្ធគូបង្វឹកបាល់ទាត់ប្រចាំអ៊ីតាលី (AIAC) កាលពីខែសីហា ក៏ស្នើឱ្យស្ថាប័នបាល់ទាត់អន្តរជាតិធំៗ នាំគ្នាព្យួរក្រុមអ៊ីស្រាអែលពីការប្រកួតអន្តរជាតិនានាសិន ព្រោះតែបញ្ហាសង្គ្រាមក្នុងតំបន់កាហ្សាកំពុងបន្តកាន់តែអាក្រក់ខ្លាំងឡើង។

ដោយឡែកក្រៅពីបាល់ទាត់ កម្មវិធីប្រណាំងកងក្នុងប្រទេសអ៊ីតាលី ​Giro dell’Emilia កាលពីសប្តាហ៍មុន​ អ្នករៀបចំក៏សម្រេចចិត្តដកក្រុមប្រណាំង Premier Tech របស់អ៊ីស្រាអែលចេញពីការប្រកួត​​ ព្រោះបារម្ភបញ្ហាសុវត្ថិភាព ពីការតវ៉ារបស់ក្រុមបាតុករ។ អំឡុងការប្រណាំងកងនៅទឹកអេស្ប៉ាញ កម្មវិធី Vuelta a Espana ផ្តាច់ព្រ័ត្រ ក្រុមបាតុករ ក៏បាននាំគ្នាទៅតវ៉ា និងបានបំផ្លាញទីកន្លែងរៀបចំការប្រកួត ដើម្បីទាមទារឱ្យមានការហាមឃាត់លើអ៊ីស្រាអែល។

សហព័ន្ធបាល់ទាត់តាមប្រទេសមួយចំនួនរួមមាន តួកគី អេស្ប៉ាញ និងសមាជិក UEFA មួយចំនួនទៀត ក៏បានទាមទារឱ្យស្ថាប័ន UEFA ដាក់ទណ្ឌកម្មលើអ៊ីស្រាអែលដោយហាមមិនឱ្យចូលរួមការប្រកួតអន្តរជាតិនានាឡើយ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top