ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ស្ថិតនៅក្នុងពូល D នៃពានរង្វាន់ក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League ត្រូវជួបជាមួយក្រុម SP Falcons FC, Ezra FC និង Manila Digger FC ដែលសុទ្ធជាក្រុមខ្លាំង ប៉ុន្តែក្រុម Manila Digger FC របស់ ហ្វីលីពីន ត្រូវគេចាត់ទុកជាគូប្រជែងធំបំផុតរបស់ក្រុមលីគកំពូលកម្ពុជា។
ក្រុម SP Falcons របស់ ម៉ុងហ្គោលី ធ្លាប់ចាញ់ ព្រះខ័នរាជស្វាយរៀង រួចម្តងហើយកាលពីវគ្គសន្សំពិន្ទុពាន AFC Challenge League រដូវកាលមុន ហើយចំណែក Ezra FC របស់ ឡាវ វិញ ក៏មានគុណភាពមិនលើសក្រុម កម្ពុជា នោះដែរ។
ដោយឡែកក្រុម Manila Digger FC ត្រូវបានគេចាត់ទុកជាឧបសគ្គធំបំផុតរបស់ ព្រះខ័នរាជស្វាយរៀង ក្នុងពូល D ត្រង់ ថា ពួកគេគឺជាក្រុមស្ថិតនៅលំដាប់ពាន អាស៊ី កម្រិតទី ២ AFC Champions League Two ប៉ុន្តែមូលហេតុ ដែលនាំឱ្យពួកគេមកលេងពានកម្រិតទី ៣ វិញ ដោយសារពួកគេបានចាញ់ការប្រកួតវគ្គជម្រុះ (playoff) ទល់នឹងក្រុម Persib របស់ ឥណ្ឌូណេស៊ី ២-១។
Manila Digger FC នៅរដូវកាល ២០២៥-២០២៦ ហាក់កំពុងឡើងជើងខ្លាំងមែនទែន ដោយនៅលីគកំពូល ហ្វីលីពីន បច្ចុប្បន្ន ពួកគេកំពុងកាន់កាប់តំណែងកំពូលតារាង ក្រោយឆ្លងកាត់ការប្រកួត ៥ ប្រកួត ឈ្នះ ៤ និងចាញ់ ១ មាន ១២ ពិន្ទុក្នុងដៃ។
បើក្រឡេកមកមើលសមាសភាពកីឡាករវិញ ក្រុម Manila Digger FC មានកីឡាករបរទេសលើស ព្រះខ័នរាជស្វាយរៀង ពាក់កណ្តាល ក្នុងនោះពួកគេមានកីឡាករបរទេសរហូតដល់ទៅ ១៤ នាក់ ខណៈ ព្រះខ័នរាជស្វាយរៀង វិញមានត្រឹម ៧ នាក់ប៉ុណ្ណោះ។ ក្រុម Manila Digger FC មានខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ ២ នាក់់ ហើយក៏អាចបង្កហានិភ័យគ្រប់ពេលដល់ ព្រះខ័នរាជស្វាយរៀង ផងដែរ ក្នុងនោះមានខ្សែប្រយុទ្ធកណ្តាល សញ្ជាតិ ហ្គាំប៊ី Saikou Ceesay និងខ្សែប្រយុទ្ធស្លាបសញ្ជាតិ ហ្គាំប៊ី ដូចគ្នា កីឡាករ Baboucarr Touray។
Saikou Ceesay ជាខ្សែប្រយុទ្ធកណ្តាល ដែលកំពុងបង្ហាញភាពលេចធ្លោខ្លាំងនៅរដូវកាលនេះ។ បច្ចុប្បន្នរូបគេកំពុងឈរនៅតំណែងលើគេក្នុងលីគ ហ្វីលីពីន ជាកីឡាកររកគ្រាប់បាល់ច្រើនបំផុត ពោលគឺចំនួន ៦ គ្រាប់ និងមានគ្រាប់បញ្ជូន (assists) ចំនួន ៣ គ្រាប់។ ចំណែកកីឡាករ Baboucarr Touray ជាអ្នកនាំលេងពីស្លាបដ៏សំខាន់របស់ Manila Digger FC ហើយពេលនេះរូបគេរកបាន ៤ គ្រាប់ និង ២ បញ្ជូន។
ទោះបីជាយ៉ាងណា ព្រះខ័នរាជស្វាយរៀង ហាក់មានចំណុចលើក្រុម Manila Digger FC នេះបន្តិច ត្រង់ថា ក្រុម ហ្វីលីពីន មួយនេះទើបតែមានបទពិសោធចូលលេងពាន AFC Challenge League នេះជាលើកដំបូងប៉ុណ្ណោះ។ ចំណែក ព្រះខ័នរាជស្វាយរៀង វិញ គឺមានបទពិសោធចូលលេងពាននេះច្រើនលើក ហើយកាលពីរដូវកាលមុន ២០២៥-២០២៦ ថែមទាំងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រទៀតផង។
គួរបញ្ជាក់ថា ការប្រកួតវគ្គសន្សំពិន្ទុពាន ACGL ប្រចាំពូល D គឺក្រុម ព្រះខ័នរាជស្វាយរៀង ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ដែលការប្រកួតនឹងធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិ មរតកតេជោ ពីថ្ងៃទី ២៦ ខែ តុលា ដល់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥៕
ប្រភព៖ KAMPUCHEATHMEY



