ព្រះខ័នរាជស្វាយរៀង សង្ឃឹមនាំភាពអស្ចារ្យជូនអ្នកគាំទ្របន្តទៀតនៅពេលប៉ះក្រុមខ្លាំង Lion City
ក្រុមបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង បានចេញដំណើរទៅប្រទេសសិង្ហបុរីហើយនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះដើម្បីត្រៀមប៉ះម្ចាស់ផ្ទះ Lion City ក្នុងពានរង្វាន់ Shopee Cup ខណៈក្រុមតំណាងឲ្យកម្ពុជាមួយនេះសង្ឃឹមបន្តនាំភាពអស្ចារ្យជាថ្មីទៀតជូនអ្នកគាំទ្រ។ លោក Matthew McConkey បានឲ្យដឹងមុនហោះទៅសិង្ហបុរីថា មួយរយៈពេលនេះក្រុមមិនសូវមានពេលវេលាច្រើនក្នុងការត្រៀមការប្រកួតនេះទេ។ ក្រុមបានហ្វឹកហាត់តាមផែនការមួយចំនួនសម្រាប់ត្រៀមលេងតទល់ជាមួយ Lion City ដែរ ប៉ុន្តែហ្វឹកហាត់ក្នុងកម្រិតស្រាលៗនោះឡើយដោយសារតែក្រុមមាញឹកពេក។ នៅថ្ងៃស្អែកក្រុមនឹងបន្តហ្វឹកហាត់ជាផ្លូវការទៀតនៅឯសិង្ហបុរី។ គ្រូបង្វឹករូបនេះលើកឡើងពីសមត្ថភាពរបស់ក្រុម Lion City ថាជាក្រុមខ្លាំងមួយមានការរៀបចំកម្រិតខ្ពស់ និងអាចលេងបានគ្រប់ទម្រង់។ កីឡាករមានសមត្ថភាពលេងល្អ និងអាចប្រយុទ្ធបានគ្រប់ពេល។ មួយវិញទៀតកីឡាករម្ចាស់ផ្ទះនេះអាចនឹងលេងទម្លាក់មកការពារនៅតំបន់ខ្លួនក៏មានដែរ។ យ៉ាងណាព្រះខ័នរាជ្យស្វាយរៀង ក៏បានហ្វឹកហាត់ត្រៀមលេងទប់ទលជាមួយទម្រង់នេះរបស់ដៃគូដូចគ្នា។ ក្លឹបរបស់លោកគឺនៅតែរក្សាទម្រង់លេងដដែលដោយព្យាយាមដាក់សម្ពាធ គ្រប់គ្រងបាល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងស្វែងរកឱកាសក្នុងការប្រយុទ្ធជាដើម។ ការប្រកួតអន្តរជាតិរបស់ព្រះខ័នរាជស្វាយរៀងកន្លងទៅប៉ះសុទ្ធតែក្រុមខ្លាំងៗដែលគ្រប់គ្នាគិតថាពិបាកមុនការប្រកួត ប៉ុន្តែក្រុមនៅតែអាចធ្វើបានល្អ និងតែងតែនាំភាពអស្ចារ្យជូនអ្នកគាំទ្រ។ ដូច្នេះការប្រកួតប៉ះ Lion City លើកនេះក៏ដូចគ្នាក្រុមនឹងព្យាយាមធ្វើឲ្យបានល្អជូនអ្នកគាំទ្រជាថ្មីទៀត។ បញ្ជាក់ដែរថា ក្រុមបាល់ទាត់បាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង នឹងធ្វើការប្រកួតជាមួយម្ចាស់ផ្ទះ Lion City នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៃវគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ Shopee Cup៕ […]






