គ្រូអៀរឡង់ទាមទារឱ្យ FIFA និង UEFA ដកអុីស្រាអែលពីការប្រកួត World Cup 2026

គ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់ លោក Heimir Hallgrimsson បង្ហាញជំហរទាម​ទារ​ឱ្យ​សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ​ដកក្រុម​ជម្រើស​ជាតិអ៊ីស្រាអែល ចេញពីការប្រកួត World Cup 2026 ដូចទៅនឹងរុស្ស៊ី និងបេឡារុស។ គ្រូអៀរឡង់ បារម្ភថា នៅពេលក្រុមធ្លាក់វគ្គចែកពូល តែត្រូវទៅប៉ះក្រុមអ៊ីស្រាអែល នៅវគ្គ Playoffs បន្ត។

សប្តាហ៍នេះ UEFA នឹងរៀបចំការបោះឆ្នោតសម្រេច លើការដក ឬទុកក្រុមអ៊ីស្រាអែល នៅក្នុង​ការប្រកួតអន្តរជាតិរបស់ខ្លួន ក្រោយ​គណៈកម្មាធិការប្រតិបត្តិអង្គការសហប្រជាជាតិ UN ​ចោទប្រកាន់អ៊ីស្រាអែល ថាបានប្រព្រឹត្តិអំពើប្រល័យពូជសាស្រ្ត នៅតំបន់កាហ្សា។

អ៊ីស្រាអែល បច្ចុប្បន្នជាក្រុមឈរលេខ ៣ ក្នុងពូល I ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អឺរ៉ុប ឈរពីក្រោមក្រុមខ្លាំងៗ រួមមាន ន័រ​វែស ដែលឈរកំពូលតារាងមាន ១៥ពិន្ទុពីការប្រកួត៥លើក និងអ៊ីតាលី លេខ ២ ឆ្លងកាត់ ៤ប្រកួត មាន ៩ពិន្ទុ និងឈរលើក្រុមអេស្តូនី និងម៉ុលដាវី។

ក្រុមឈរតំណែងកំពូលតារាងវគ្គចែកពូលជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប នឹងឈ្នះ​កៅអី​ស្វ័យប្រវត្តិ ទៅកាន់ការប្រកួតនៅលើទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក។​ ក្រុមលេខ ២ តាមពូល ត្រូវបន្តឆ្លងទៅកាន់វគ្គ Playoffs ដណ្តើមកៅអីបន្ត។

ចំណែកក្រុមអៀរឡង់វិញ ជាក្រុមមិនសូវសមប្រកបឡើយ ដោយឈរបាតតារាងក្នុងពូល​ F ជាមួយ​ក្រុមខ្លាំងដូចជាព័រទុយហ្កាល់ អាល់មេនី និងហុងគ្រី។

លោក Hallgrimsson គ្រូអៀរឡង់ ជឿជាក់យ៉ាងមុតមាំថា UEFA នឹងសម្រេចដកអ៊ីស្រា​អែល ​ពីការប្រកួតអន្តរជាតិរបស់ខ្លួន ព្រមទាំង FIFA ក៏ដូចគ្នា។

សម្រាប់គ្រូបង្វឹកវ័យ ៥៨ឆ្នាំ មិនចង់ជួបតទល់នឹងក្រុមអ៊ីស្រាអែលឡើយ នៅវគ្គ Playoffs ករណី​ក្រុមធ្លាក់ត្រឹមវគ្គចែកពូល ហើយត្រូវបន្តដំណើរប្រកួតប្រជែងបន្តទៀតនោះ។ «ខ្ញុំ​មើលមិនឃើញពីភាពខុសគ្នា រវាង FIFA និង UEFA ដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ី​ តែ វា​មិនមែនជាអ៊ីស្រាអែល ពេលបច្ចុប្បន្ន ខ្ញុំពិតជាចង់ឃើញអ៊ីស្រាអែល​ ត្រូវបានដក​ចេញពី​ការ​ប្រកួត។

តើខ្ញុំអាចនឹងជួបការលំបាកទេ ប្រសិនបើពួកគេចង់ឱ្យយើង ប្រកួតទល់នឹងអ៊ីស្រាអែល នៅ​វគ្គបន្ទាប់ ឬប្រសិនពួកគេ ក្នុងពូលជាមួយយើង។ ពិតណាស់ ខ្ញុំនឹងនិយាយថា គ្មានបញ្ហាទេ ប៉ុន្តែរឿងហេតុដ៏សោកសៅ នឹងកើតមានក្នុងការប្រកួតនោះ។ បើ FIFA និង UEFA ហាម​ឃាត់​​ប្រទេសមួយ​ លើបញ្ហាស្រដៀងគ្នា​ នោះវាគ្មានអ្វីចម្លែកនោះទេ។»។ នេះបើតាម​ការ​លើកឡើងរបស់លោក Hallgrimsson ប្រាប់កាសែត The Irish Times។

បើតាមក្រសួងសុខាភិបាលតំបន់កាហ្សា មនុស្សប្រមាណ ៦ម៉ឺននាក់បានស្លាប់ ហើយក្នុង​ចំណោម​នោះ មានកុមារជាង ១៧ ០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្គ្រាមតំបន់កាហ្សា ដែលអ៊ីស្រាអែល អះអាងថា ជាការវាយប្រហារលើក្រុមជ្រុលនិយមហាម៉ាស់ តាំងពីឆ្នាំ ២០២៣ មក។

​ទោះយ៉ាងណា​ តាមការចុះផ្សាយរបស់កាសែត​ The Guardian ស្ថាប័នគ្រប់គ្រងបាល់ទាត់​​អឺរ៉ុប (UEFA) ត្រូវបានគេដឹងថា កំពុងតែស្វែងរកឱកាស ក្នុងការបញ្ចៀសការហាមឃាត់​អ៊ី​ស្រាអែល ចេញ​ពីការប្រកួតជម្រុះ World Cup 2026 ឬបើទោះការព្យួរ ​ត្រូវបានសម្រេចក៏ ដោយក្នុងសប្តាហ៍នេះ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top