កម្ពុជា នឹងបញ្ជូនកីឡាករ កីឡាការិនីចំនួន ១៥០នាក់ ទៅចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ក្នុងខែតុលា ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កីឡាករ កីឡាការិនីចំនួន ១៥០នាក់ លើ ១៤ ប្រភេទកីឡា កម្រិតក្រោមអាយុ ១៨ឆ្នាំ នឹងទៅចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ដែលមាន ៤៥ប្រទេសចូលរួម។ ការទៅចូលរួមនេះ គឺលើសពីការប្រកួតប្រជែងដើម្បីដណ្តើមមេដាយទៅទៀត ពីព្រោះកម្ពុជា មានក្រុមការងារត្រូវសិក្សារៀនសូត្រពីរបៀបរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ក្នុងនោះមានទាំងផ្នែកបច្ចេកទេស និងសម្តែងដើម្បីទទួលទង់កីឡាយុវជនអាស៊ី សម្រាប់ឆ្នាំ ២០២៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។
ក្នុងចំណោមកីឡា ១៤ ប្រភេទ ក៏មានកីឡាមួយចំនួនដែលមានសក្តានុពលក្នុងការដណ្តើមយកមេដាយជូនជាតិ។ លោក វ៉ាត់ ចំរើន បានលើកឡើងថា ៖«ភាគច្រើន យើងបញ្ជូនប្រភេទកីឡាបែបប្រយុទ្ធទៅចូលរួមប្រកួត ពីព្រោះកីឡាប្រយុទ្ធ យើងមានសក្តានុពល ដូចជាកីឡាគុនខ្មែរ កីឡាជឺជីតស៊ូ កីឡាយូដូ និងចំបាប់ជាដើម។ យើងសង្ឃឹមទទួលបានលទ្ធផលល្អសម្រាប់ប្រភេទកីឡាទាំងនេះ»។
កីឡាយុវជនអាស៊ី លើកទី៣ នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី ២២ ដល់ ទី ៣១ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន ដែលមានចំនួន ២២៣ វិញ្ញាសា លើ ២៤ប្រភេទកីឡា។ តាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងមានកីឡាករ កីឡាការិនីប្រមាណ ៤៣០០ នាក់ មកពី ៤៥ប្រទេសទូទាំងទ្វីបអាស៊ី៕
ប្រភព៖ KAMPUCHEATHMEY



