កីឡា​ ៤ ប្រភេទ​​​រំពឹងទទួល​បាន​លទ្ធផលល្អ ក្នុង​កីឡា​យុវជន​អាស៊ី នៅ​បារ៉ែន​ ខែ​នេះ

កម្ពុជា នឹង​បញ្ជូន​កីឡាករ កីឡាការិនី​ចំនួន ១៥០​នាក់ ទៅ​ចូល​រួម​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៣ ​​ក្នុង​ខែ​តុលា ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា កីឡាករ កីឡាការិនី​ចំនួន ១៥០​នាក់ លើ​ ១៤ ប្រភេទ​កីឡា​ កម្រិត​ក្រោម​អាយុ ១៨​ឆ្នាំ នឹង​ទៅ​ចូល​រួម​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៣ ដែល​មាន ៤៥​ប្រទេស​ចូល​រួម។ ការ​ទៅ​ចូល​រួម​នេះ​ គឺ​លើស​ពី​ការ​ប្រកួត​ប្រជែង​ដើម្បី​​ដណ្តើម​មេដាយ​ទៅ​ទៀត ពី​ព្រោះ​​កម្ពុជា ​មាន​ក្រុម​ការងារ​ត្រូវ​សិក្សា​រៀន​សូត្រ​ពី​របៀប​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី ក្នុង​នោះ​មាន​​ទាំង​ផ្នែក​បច្ចេកទេស និង​សម្តែង​ដើម្បី​ទទួល​ទង់​​​​កីឡា​យុវជន​អាស៊ី សម្រាប់​ឆ្នាំ ២០២៩ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ។

ក្នុង​ចំណោម​កីឡា​ ១៤ ប្រភេទ ​ក៏​មាន​កីឡា​មួយ​ចំនួន​ដែល​មាន​សក្តានុពល​ក្នុង​ការ​ដណ្តើម​យក​មេដាយ​ជូនជាតិ។ លោក វ៉ាត់ ចំរើន បាន​លើក​ឡើង​ថា ៖«ភាគ​ច្រើន យើង​បញ្ជូន​​ប្រភេទ​កីឡា​​បែប​​ប្រយុទ្ធ​​ទៅ​ចូល​រួម​ប្រកួត​ ពី​ព្រោះ​កីឡា​ប្រយុទ្ធ​ យើង​មាន​សក្តានុពល ដូច​ជា​កីឡា​គុន​ខ្មែរ កីឡា​ជឺជីតស៊ូ កីឡា​យូដូ និង​ចំបាប់​ជា​ដើម។ យើង​សង្ឃឹម​​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ប្រភេទ​កីឡា​ទាំង​នេះ»។

កីឡា​យុវជន​អាស៊ី លើក​ទី​៣ នឹងដំណើរ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃទី​ ២២ ដល់ ទី​ ៣១ ខែ​តុលា​ ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន ដែល​មានចំនួន ២២៣ វិញ្ញាសា លើ ២៤​​ប្រភេទ​កីឡា។ តាម​ការ​គ្រោង​ទុក  ព្រឹត្តិការណ៍​នេះ​នឹង​មាន​កីឡាករ កីឡាការិនី​ប្រមាណ ៤៣០០ នាក់​ មក​ពី​ ៤៥​ប្រទេស​ទូទាំង​ទ្វីប​អាស៊ី៕

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top