ក្រុមទាំង ៤ ក្នុងពូល D សុទ្ធតែកំពុងឈរកំពូលតារាងក្នុងលីគរៀងៗខ្លួន មុនប៉ះគ្នានៅកម្ពុជា

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល D ពានរង្វាន់​ក្លិប​អាស៊ី កម្រិតទី ៣ AFC Challenge League រដូវកាលនេះ នឹងតឹងតែងខ្លាំង ដោយក្រុមនីមួយៗ សុទ្ធតែកំពុ​ង​ធ្វើ​បាន​ល្អ​រៀង​ៗ​ខ្លួន​នៅ​លីគ​កំពូល​របស់​ពួក​គេ​ដោយ​សុទ្ធ​តែ​ឈរ​លើ​កំពូល​តារាង​ពិន្ទុ​ដូច​គ្នា។

ក្រុម SP Falcons កាលពីរដូវកាលមុន គឺជាម្ចាស់ជើងឯកលីគកំពូល ម៉ុងហ្គោលី បន្ទាប់ពីឆ្លងកាត់ការប្រកួតសរុប ២៧ ប្រកួត ឈ្នះ ២១ ស្មើ ២ និងចាញ់ ៤ មាន ៦៥ ពិន្ទុ ឈរនៅកំពូលតារាង។ ចំណែករដូវកាល ២០២៥-២០២៦ នេះ ពួកគេកំពុងបន្តឈរនៅកំពូលតារាង​ទៀត ដោយឆ្លងកាត់ ៤ ប្រកួត​គឺ​ ឈ្នះ ៤ និងស្មើ ២ មាន ១២​ ពិន្ទុពេញ ឈរ​លើ​កំពូល​តារាង។

ងាកមកមើលក្រុម Manila Digger FC របស់ ហ្វីលីពីន នៅរដូវកាលនេះវិញក៏មិនធម្មតាផងដែរ។ ឥឡូវនេះពួកគេកំពុងកាន់កាប់តំណែងកំពូលតារាងក្នុងលីគកំពូល​​ហ្វីលីពីន បន្ទាប់ពីឆ្លងកាត់ ៥ ប្រកួតគឺ​ ឈ្នះ ៤ និងស្មើ ១ មាន ១៣ ពិន្ទុ។ យ៉ាងណា ពួកគេនៅសល់ការប្រកួតមួយប្រកួតទៀត ទល់នឹងក្រុម Cebu មុនហោះមក កម្ពុជា នៅចុងខែ តុលា។

ដោយឡែកក្រុម Ezra FC របស់ ឡាវ វិញ កំពុងតែឡើងជើងខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ២ រដូវកាលចុងក្រោយ។ នៅ​រដូវកាលមុន ២០២៤-២០២៥ ពួកគេមិនបានចាញ់សោះសម្រាប់ការប្រកួតក្នុងលីគកំពូល ឡាវ ដោយឆ្លងកាត់ការប្រកួត ១៤ ប្រកួត ឈ្នះ ១២ និងស្មើ ២ មាន ៣៨ ពិន្ទុ ដើម្បី​ក្លាយជាម្ចាស់ជើងឯកលីគកំពូល ឡាវ ជាលើកដំបូង។ ចំណែករដូវកាលនេះ ពួកគេកំពុងតែបន្តភាពខ្លាំង​ដដែល​ ដោយឆ្លងកាត់ការប្រកួត ៧ ប្រកួត កន្លងមក ឈ្នះទាំង ៧ ប្រកួត និងកំពុងស្ថិត​នៅ​កំពូល​តារាង។

ក្រុម ព្រះខ័នរាជស្វាយរៀង ដែលត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល D ពាន ACGL នៅរដូវកាលនេះ ក៏កំពុងបង្ហាញភាពខ្លាំងរបស់ខ្លួនមិនធម្មតា​ដែរ។ នៅរដូវកាលមុន ២០២៤-២០២៥ ពួកគេគឺជាម្ចាស់ជើងឯកលីគកំពូល កម្ពុជា បន្ទាប់ពីឆ្លងកាត់ ៣០ ប្រកួតគឺ​ ឈ្នះ ២៥ ស្មើ ១ និងចាញ់ ៤ មាន ៧៦ ពិន្ទុ។ ចំណែករដូវកាលនេះវិញ ក្រុមមានមូលដ្ឋានក្នុងខេត្តស្វាយរៀង កំពុងបន្តស្ថិតនៅកំពូលតារាងក្នុងលីគ ដោយឆ្លងកាត់ការប្រកួត ៦ ប្រកួត​គឺ​ ឈ្នះ ៥ និងចាញ់ ១ មាន ១៥ ពិន្ទុក្នុងដៃ។

តាមរយៈស្ថិតិរបស់ក្រុមនីមួយៗខាងលើ បានបង្ហាញ ថា ការប្រកួតក្នុងពូល D នៃពាន ACGL ពីថ្ងៃទី ២៦ ខែ តុលា ដល់ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នឹងក្លាយជាការប្រកួតដ៏តឹងតែង គួរឲ្យ​ចាប់​អារម្មណ៍​ សម្រាប់ការប្រកួត​នីមួយ​ៗ ពីព្រោះក្រុម​ទាំង​អស់សុទ្ធតែកំពុងឡើងជើងខ្លាំង ហើយសុទ្ធតែជាជើងខ្លាំងប្រចាំលីគរបស់ពួកគេរៀងៗខ្លួន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top