ក្រុម SP Falcons មក​ហាត់​នៅ​ខ្មែរ​ជាង ១០ ថ្ងៃ​ជា​មួយ​កីឡាករ​បរទេស ៩ នាក់ មុន​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង

ក្រុម​បាល់ទាត់​របស់​ប្រទេស​ម៉ុងហ្គោលី SP Falcons អាច​ចាត់​ទុក​ជា​គ្រូ​ប្រជែង​ធំ​មួយ​ដែល​មិន​អាច​រំលង​បាន​ទេ​​នៅ​ក្នុង​ពូល D ពាន​រង្វាន់​ក្លិប​អាស៊ី AFC Challenge League ចាប់​ពី​​ថ្ងៃ​ទី​២៦ ខែ​តុលា ដល់ ទី១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ដើម្បីឡើយក្រុមជើងឯកលីគកំពូលហ្វីលីពីន Manila Digger ត្រូវបានចាត់ទុកជាគ្រូប្រជែងធំនៅក្នុងពូល D ដែលមានកីឡាករបរទេស ១៤ នាក់ ប៉ុន្តែជើងឯកលីគកំពូលម៉ុងហ្គោលី SP Falcons ក៏ត្រៀមខ្លួនមិនធម្មតាដែរ។

អ្នកគាំទ្រមួយចំនួនប្រហែលជាដឹងហើយថា ក្រុម SP Falcons បានលើកពេលចំនួន ៣ ប្រកួតនៅលីគម៉ុងហ្គោលី ដើម្បីបានធ្វើដំណើរមកកម្ពុជាតាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៥ និងបានហ្វឹកហាត់នៅកម្ពុជា តាំងពីថ្ងៃទី១៥ ខែតុលា។ ពួកគេចំណាយប្រាក់យ៉ាងច្រើនដើម្បីមកហ្វឹកហាត់នៅកម្ពុជាឲ្យសាំនឹងអាកាសធាតុដែលក្តៅជាងនៅម៉ុងហ្គោលី។ ក្នុងនោះក៏មានការប្រកួតកម្តៅសាច់ដុំជាមួយក្រុមអង្គរថាយហ្គឺរផងដែរ។

បើ​ក្រឡេក​មើល​សមាសភាព​កីឡាករ​ក៏​​រៀប​ចំ​បាន​ល្អ​ដែរ​គឺ​ពួក​គេ​​ត្រៀម​​កីឡាករ​បរទេស​ ៩ នាក់​ គឺ​កីឡាករ​ប្រេស៊ីល ៤ នាក់ កីឡាករ​ជប៉ុន ២ នាក់ កីឡាករ​អ៊ូបេគីស្ថាន ១ នាក់ កីឡាករ​ស៊ែប៊ី ១ នាក់ និង​កីឡាករ​រុស្ស៊ី ១ នាក់។

កីឡាករ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ូបេគីស្ថាន Reza Ayvazov  ដែល​ជា​កីឡាករ​កំពុង​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​លីគ​ម៉ុងហ្គោលី។ បន្ទាប់​មក​កីឡាករ​ជប៉ុន និង​ប្រេស៊ីល​សុទ្ធ​តែ​ល្អ​ៗ។​

សមភាសភាព​កីឡាករ​បរទេស

  • ខ្សែ​ការពារ​ជប៉ុន Taiyo Toyoda
  • ខ្សែ​ការពារ​ប្រេស៊ីល Tiago Tomias
  • ខ្សែ​បម្រើ​ជប៉ុន Shoya Nagata
  • ខ្សែ​បម្រើ​ស៊ែប៊ី Nemanja Krusevac
  • ខ្សែ​បម្រើ​ប្រេស៊ីល Matheus Guará
  • ខ្សែ​បម្រើ​ប្រេស៊ីល Andre Ferreira
  • ខ្សែ​ប្រយុទ្ធ​អ៊ូបេគីស្ថាន Reza Ayvazov
  • ខ្សែប្រយុទ្ធ​រុស្ស៊ី Daniil Musatkin
  • ខ្សែប្រយុទ្ធ​ប្រេស៊ីល Vlademir Everton

សូម​បញ្ជាក់​ថា ការ​ប្រកួត​ថ្ងៃ​បើក​ឆាក​ ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ SP Falcons វេលា​ម៉ោង ៤​ រសៀល នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា ឆ្នាំ ២០២៥ ហើយ​​វេលា​ម៉ោង ៧ យប់​ថ្ងៃ​ដដែល ក្រុម​របស់​ហ្វីលីពីន Manila Digger ប្រកួត​ជា​មួយ​ក្រុម​របស់​ឡាវ Ezra FC។

៣​ថ្ងៃ​បន្ទាប់ ពោល​គឺ​ថ្ងៃ​ពុធ ទី​២៩ ខែ​តុលា វេលា​ម៉ោង ៤ រសៀល ក្រុម SP Falcons ប្រកួត​ជា​មួយ Manila Digger និង​វេលា​ម៉ោង ៧ យប់ ថ្ងៃដដែល ក្រុម​ម្ចាស់ផ្ទះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ ក្រុម Ezra FC។

ការ​ប្រកួត​​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា វេលា​ម៉ោង ៤ រសៀល  ក្រុម SP Falcons ប្រកួត​ជា​មួយ​ក្រុម Ezra FC និង​វេលា​ម៉ោង ៧ យប់ ថ្ងៃដដែល ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ Manila FC៕

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top