ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ឡើង​វគ្គ​បន្ត បើ​ឈ្នះ​ Ezra នៅ​ថ្ងៃ​ទី​២៩ តុលានេះ

ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ឡើង​ទៅ​កាន់​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត ប្រសិន​បើ​ឈ្នះ​ក្រុម​ Ezra FC វេលា​ម៉ោង ៧ យប់ ថ្ងៃ​ទី​២៩ ខែ​តុលា​ សម្រាប់​ការ​ប្រកួត​លើក​ទី​២ សន្សំពិន្ទុ​ក្នុង​ពូល D ពាន​រង្វាន់ AFC Challenge League រដូវ​កាល​ ២០២៥-២៦។

ការប្រកួតលើកទី១ កាលពីថ្ងៃទី២៦ ខែតុលា ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុ តាមរយៈជ័យជម្នះ ៣-០ លើក្រុមរបស់ម៉ុងហ្គោលី SP Falcons ដើម្បីឈរលើកំពូលតារាង។ ចំណែកក្រុមរបស់ឡាវ Ezra FC បានចាញ់ ក្រុមរបស់ហ្វីលីពីន Manila Digger ដោយលទ្ធផល ៣-១។

ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះសម្រាប់ការប្រកួតលើកទី២នេះ ពួកគេនឹងកក់កៅអីវគ្គ ៤ ក្រុមចុងក្រោយប្រចាំតំបន់អាស៊ីខាងកើតដោយស្វ័យប្រវត្តិ បើទោះជានៅសល់១ប្រកួតទៀត។ ចំណែក ក្រុម Ezra FC នឹងអស់ឱកាសឡើងទៅកាន់វគ្គបន្ត ប្រសិនបើចាញ់ការប្រកួតលើកទី២ ហើយក្រុម Manila Digger ឈ្នះក្រុម SP Falcons។ ផ្ទុយទៅវិញប្រសិនបើក្រុមរបស់ម៉ុងហ្គោលី ឈ្នះ ក្រុមរបស់ ហ្វីលីពីន វិញនោះ ក្រុមរបស់ឡាវ នៅមានឱកាសអ៊ុតមើលការប្រកួតចុងក្រោយ។

ទោះ​បី​ជា​យ៉ាង​ណា គិត​ជា​រួម​ក្រុម Ezra FC ត្រូវ​បាន​គេ​មើល​ឃើញ​​សមត្ថភាព​មានកម្រិត​ទាប​ជាង​ក្រុម​ផ្សេង​ៗ​ក្នុង​ពូល​ជា​មួយ​គ្នា ដូច្នេះ​ពិបាកនឹង​បញ្ចប់​ដោយ​លទ្ធផល​ជ័យជម្នះ ឬ​ស្មើ នឹង​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ណាស់។

មួយ​ប្រកួត​បើក​ឆាក​ដូច​គ្នា កីឡាករ Kwame Peprah រក​បាន​ ២ គ្រាប់​ដើរ​តួនាទី​យ៉ាង​សំខាន់​ ខណៈ​កីឡាករ Patrick បញ្ជូន​បាល់​បាន ២ លើក ក៏​ជា​​កីឡាករ​ដ៏​គ្រោះ​ថ្នាក់របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​សម្រាប់ក្រុម Ezra FC ដែលបាន​ទម្លាយ​សំណាញ់​ទីរបស់ Manila Digger បាន១​គ្រាប់ដោយ​ប្រធាន​ក្រុម​ Peter Phanthavong។

បច្ចុប្បន្ន ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ៣ ពិន្ទុ ឈរ​លើ​កំពូល​តារាង​ពូល D ហើយ​ក្រុម Manila Digger មាន​ ៣ ពិន្ទុ​ឈរ​លេខ​២ ខណៈក្រុម​មិន​ទាន់​មាន​ពិន្ទុ​គឺ​ Ezra FC ឈរលេខ៣ និង SP Falcons ឈរ​លេខ​២។

និយាយ​ឲ្យ​ខ្លី​ ប្រសិន​បើ​ក្រុម ព្រះ​ខ័ន​រាជ​ស្វាយរៀង និង Manila Digger ឈ្នះ​ដូច​គ្នា​នៅ​​ថ្ងៃ​​ទី​២៩ តុលា​នេះ គឺកក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ទាំង​ពីរ​ក្រុម ហើយ​ក្រុម Ezra FC និង SP Falcons អស់​ឱកាស​តែ​ម្តង៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top