ខ្សែប្រយុទ្ធ Marcus Rashford បានទម្លាយឈ្មោះលោក Ole Gunnar Solskjaer ជាគ្រូបង្វឹក ដែលរូបគេពេញចិត្តបំផុត អំឡុងពេលលេងនៅ Manchester United។
Rashford ជាកីឡាករបាល់ទាត់អាជីពម្នាក់ ដែលបានកើតចេញពីថ្នាលយុវជនរបស់ Manchester United តែម្តង។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានក្លិបតម្លើងមកកាន់ក្រុមធំទី ១ នៅឆ្នាំ ២០១៦ រហូតមកដល់ឆ្នាំ ២០២៥ មុនពេលខ្ចីជើងទៅចូលរួមជាមួយក្រុមអ្នកមានបុណ្យ FC Barcelona។
អំឡុងពេលលេងនៅ Man United គឺ Rashford ធ្លាប់ឆ្លងកាត់គ្រូចំនួន ៨ រូបរួមមានលោក Louis van Gaal, Jose Mourinho, Ole Gunnar Solskjaer, Erikt ten Hag, Michael Carrick, Ralf Rangnick, Ruud van Nistelrooy និង Ruben Amorim។ ប៉ុន្តែរូបគេបាននិយាយមិនលាក់លាម ដោយចាត់ទុកលោក Solskjaer ជាគ្រូបង្វឹក ដែលរូបគេពេញចិត្តបំផុតនៅទឹកដី Old Trafford។
ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ TV2 កីឡាករវ័យ ២៧ ឆ្នាំបាននិយាយដូច្នេះ ថា៖ «លោក Ole ជាមនុស្សដ៏អស្ចារ្យម្នាក់។ ខ្ញុំចូលចិត្តការលេងនៅក្រោមការដឹកនាំរបស់គាត់។ ខ្ញុំអាចនិយាយ ថា កីឡាករមួយចំនួននៅ Manchester United គឺរីករាយ នៅពេលលេងក្រោមការដឹកនាំរបស់គាត់។ ពួកយើងលេងបានល្អនៅក្រោម Ole។ វាជាពេលវេលាដ៏ជោគជ័យខ្លាំងបំផុតមួយសម្រាប់ខ្លួនខ្ញុំផ្ទាល់»។
គួរបញ្ជាក់ ថា Rashford បានលេងក្រោមការដឹកនាំរបស់លោក Solskjaer នៅ Man United ៣ រដូវកាលពីឆ្នាំ ២០១៩ ដល់ ២០២១ គឺមិនបានឈ្នះពានរង្វាន់ណាមួយឡើយ។ ដោយឡែកស្ថិតិផ្ទាល់ខ្លួន រូបគេលេងសរុបបានចំនួន ១៣៥ ប្រកួត និងរកបាន ៥៦ គ្រាប់៕
ប្រភព៖ KAMPUCHEATHMEY



