កូនប្រុស Ronaldo បង្ហាញខ្លួនលើកដំបូងឱ្យក្រុម U16 ព័រទុយហ្កាល់ អម​ដោយជ័យជម្នះ​ទល់តួកគី

កូនប្រុសច្បងរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កីឡាករយុវជនវ័យ ១៥ឆ្នាំ Cristiano Ronaldo Jr បានបង្ហាញខ្លួនលើកដំបូង នៅក្នុងក្រុមព័រទុយហ្កាល់ អាយុក្រោម ១៦ឆ្នាំ។ ការបង្ហាញខ្លួនរបស់គេ ស្ថិតនៅក្នុងការប្រកួត ដែលក្រុមបានយកឈ្នះក្រុមម្ចាស់ ផ្ទះតួកគីអាយុក្រោម ១៦ឆ្នាំ លទ្ធផល ២-០ ក្នុងពានរង្វាន់ Federation Cup។

Ronaldo Jr កំពុងដើរតាមដានជើងឪពុករបស់គេ ដែលជាកីឡាករមានវ័យ ៤០ឆ្នាំ ប្រកប អាជីព​លេងក្លិប Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត និងជាកីឡាករកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងវិស័យបាល់ទាត់អស់ពេលជាង​ ២ទសវត្សរ៍មកនេះ ក្នុងនាមជាកីឡាករបាល់ទាត់។

កីឡាករវ័យ ១៥ឆ្នាំ បានបង្ហាញខ្លួនលើកដំបូង ជាមួយព័រទុយហ្កាល់អាយុក្រោម ១៦ឆ្នាំ ស្របពេលមិត្តរួមក្រុមរបស់គេ ២នាក់ រួមគ្នាស៊ុតបាល់បញ្ចូលទីម្នាក់ ១គ្រាប់ រួមមាន​កីឡា​ករ Samuel Tavares និង Rafael Cabral យកជ័យជម្នះដល់ក្រុម។ Ronaldo Jr បានត្រឹមតែ​ផ្លាស់ប្តូរចូលចុងម៉ោង ហៀបចប់ការប្រកួតប៉ុណ្ណោះ។ កូនប្រុស ​Ronaldo អតីតកីឡាករ​ក្រុម Real Madrid មានតួនាទីជាខ្សែប្រយុទ្ធដូច​ឪពុករបស់គេ​ដែរ។

បច្ចុប្បន្ន គេមិនត្រឹមតែលេងនៅក្រុមព័រទុយហ្កាល់ អាយុក្រោម១៦ឆ្នាំ ប៉ុណ្ណោះទេ គេក៏ស្ថិ​ត​​ក្នុងនាមជាកីឡាករយុវជនក្លិប Al Nassr ថែមទៀត ជាកន្លែងឪពុករបស់គេកំពុងប្រកពអា​ជីពដូចគ្នា។

ព័រទុយហ្កាល់អាយុក្រោម ១៦ឆ្នាំ បានយកឈ្នះម្ចាស់ផ្ទះតួកគី ដែលជាការប្រកួតលើកទី​មួយ ចំណោម ៣ប្រកួត របស់ពួកគេក្នុងដំណើរការប្រកួតពានរង្វាន់ Federation Cup លើ​ទឹកដីតួកគី។ ការប្រកួតបន្ទាប់ ពួកគេនឹងត្រូវបន្តទៅប៉ះក្រុមវែសល៍ អាយុក្រោម ១៦ឆ្នាំ និង​នៅការប្រកួតចុងក្រោយ គឺប៉ះអង់គ្លេស។ 

រំលឹកកាលពីដើមឆ្នាំ កីឡាករវ័យ ១៥ឆ្នាំ ក៏ធ្លាប់បានបង្ហាញខ្លួន លេងឱ្យក្រុមព័រទុយហ្កាល់ អាយុក្រោម ១៥ឆ្នាំ នៅការប្រកួតពានរង្វាន់មួយ នៅប្រទេសក្រូអាស៊ី។ Ronaldo Jr បាន​ចូលលេងការប្រកួតនៅទីនោះ ហើយបង្ហាញទម្រង់លេងយ៉ាងល្អរបស់គេ ព្រមទាំងការ​ស៊ុតបាល់បញ្ចូលទី ក្នុងការប្រកួត ជួយក្រុមឈ្នះរង្វាន់ថែមទៀតផងដែរ។

ស្របពេលកូនប្រុសកំពុងតែដើរតាមគន្លងខ្លួនបែបនេះ ​តារាបាល់ទាត់ប្រធានក្រុមជម្រើស ជាតិព័រទុយហ្កាល់ បច្ចុប្បន្ន ក៏កំពុងតែព្យាយាមក្នុងការបំបែកកំណត់ត្រា ជាកីឡាករបាល់ ទាត់រកបាន ១ ​០០០គ្រាប់ ក្នុងអាជីព។ បច្ចុប្បន្នបុរសវ័យ ៤០ និងជាម្ចាស់ពាន Ballon d’Or ៥សម័យ រកបានគ្រាប់ទី ៩៥០ ហើយ។ បច្ចុប្បន្ន រូបគេក៏កំពុងតែបង្ហាញខ្លួនបានល្អ អម​ដោយការស៊ុតបាល់បញ្ចូលទីជារឿយៗ នៅការប្រកួត ៧លើកចុងក្រោយមកនេះ។

សម្រាប់ Ronaldo ទម្រាំតែដើរដល់ចំណុចកំពូលនៃអាជីពបែបនេះ គេក៏ធ្លាប់បានបង្ហាញ ខ្លួនលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ គ្រប់កម្រិតផងដែរ។ នៅពេលគេប្រែជាកីឡាករ អាជីពពេញសិទ្ធិលេងនៅក្លិប Sporting CP រួចមក ត្រូវក្រុមជម្រើសជាតិព័រទុយហ្កាល់ កោះ​ហៅតែម្តង ហើយវាបានជួយជំរុញគេ ឱ្យរកឃើញភាពជោគជ័យមកដល់ពេលនេះ។

កន្លងមក អតីតកីឡាករក្រុម Man Utd ធ្លាប់និយាយបែបលេងសើចថា គេនឹងមិនចូល​និវត្តន៍ ពីអាជីពបាល់ទាត់ឡើយ ដរាបណា គេអាចចូលលេងការប្រកួតដែលមានវត្តមាន Ronaldo Jr ជាកូន ស្ថិតនៅលើទីលាននោះដែរ។ ទោះបីមនុស្សជាច្រើនគិតថា Ronaldo ប្រហែលជានិយាយលេងសើច​ ប៉ុន្តែបើមើលតាមការវិវឌ្ឍខ្លួន របស់ Ronaldo Jr ស​បង្ហាញ ឱ្យឃើញថា គេកំពុងខិតខំប្រឹងប្រែងខ្លាំង ក្នុងអាជីពបាល់ទាត់នេះ។ 

ម្យ៉ាងវិញទៀត កិច្ចសន្យារបស់បុរសវ័យ ៤០ឆ្នាំ នៅក្លិប Al Nassr មានរហូតដល់ឆ្នាំ២០​២៧ ឯណោះ។ ពេលនោះ Ronaldo Jr នឹងមានវ័យ ១៧ឆ្នាំ ដែលជាវ័យអាចឱ្យរូបគេអាច​ចូល​លេងក្នុងកម្រិតបាល់ទាត់អាជីពបានហើយ។ រឿងនេះ ស្រដៀងទៅនឹងយុវជន Lamine Yamal បង្ហាញខ្លួនដំបូងក្នុងវ័យ ១៧ឆ្នាំ និងកំពូលខ្សែប្រយុទ្ធ Lionel Messi ដែលចូលលេង​ឱ្យ Barca នៅវ័យ ១៧ឆ្នាំដូចគ្នា៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top