Yamal ទិញផ្ទះអតីតខ្សែការពារ Pique របស់ Barca តម្លៃជាង​ ១២,៥លានដុល្លារ

កីឡាករយុវជន Lamine Yamal ទំនងជិតផ្លាស់ទៅរស់នៅផ្ទះថ្មី ក្នុងទីក្រុង Barcelona ជា​អតីត​វីឡាទំនើបមួយ របស់អតីតខ្សែការពារ Gerard Pique និងតារាចម្រៀងឡាទីន​ដ៏​ល្បី​ល្បាញ Shakira ដែលពួកគេបានដាក់លក់ក្រោយចែកផ្លូវគ្នា។ ផ្ទះវីឡានោះទំហំប្រមាណ ៣ ៨០០ ម៉ែត្រការ៉េ លើផ្ទៃដីធំទូលាយមួយ ដោយតម្លៃលក់នៅពេលនេះ ជាង ១២,៥លាន​ដុល្លារ។

ផ្ទះវីឡាមួយនោះ ដំបូងឡើយត្រូវបានទិញដោយអតីតកីឡាករបាល់ទាត់ ក្រុម Barcelona ​ Pique និងអតីតគូស្នេហ៍របស់គេ តារាចម្រៀងឡាទីន Shakira។ ប៉ុន្តែក្រោយ​​អ្នកទាំង​ពីរ បាន​សម្រេចចែកផ្លូវគ្នា នៅឆ្នាំ២០២២ ពួកគេក៏បានដាក់លក់ផ្ទះរួមគ្នានោះ ក្នុងតម្លៃជាង​ ១៦,៣លានដុល្លារ។ តម្លៃនោះ​ក៏បានធ្លាក់ចុះទៅតាមទីផ្សាអចលទ្រព្យ​រហូតមក​ដល់ត្រឹម​ជាង ១២,៥លានដុល្លារ នៅពេលនេះ។ 

គ្រាន់តែទំហំផ្ទៃផ្ទះ មានរហូតដល់ទៅ ៣ ៨០០ម៉ែត្រការ៉េ ស្ថិតនៅតំបន់ទីប្រជុំទៅដោយ​អ្នកមា​នទ្រព្យសម្បត្តិស្តុកស្តម្ភ ក្នុងសង្កាត់ Ciutat Diagonal ទីក្រុង Barcelona។ ចំណែក​ឯជុំវិញបរិវេណផ្ទះនោះវិញ មានផ្ទៃធំទូលាយ មានទាំងអាងហែលទឹកក្នុង និងក្រៅផ្ទះ មាន​កន្លែងហ្វឹកហាត់លើកទម្ងន់ ទីលានកូនបាល់ បន្ទប់ធ្វើបទភ្លេង និងសួនច្បារដ៏ស្រស់ស្អាត។

ផ្ទះដែល Yamal កំពុងដំណើរការទិញនោះ ក៏ធ្លាប់បានក្លាយជាទីកន្លែងស្នាក់នៅ​របស់​កីឡាករក្រុម Barca មួយចំនួនដូចជា Alejandro Balde និង Ronald Araujo ដែរ។ 

បើតាមការចុះផ្សាយកាសែត El Pais និង El Periodico កីឡាករយុវជនវ័យ​ ១៨ឆ្នាំ នឹង​ផ្លាស់ទៅរស់ទីនោះផ្ទាល់ ហើយគេក៏នឹងកែប្រែកន្លែងមួយចំនួន ​ទៅជាទីលានហ្វឹកហាត់​បាល់ទាត់​ផ្ទាល់ខ្លួន​ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង។ គេ ក៏ចង់កែប្រែបន្ទប់មួយ​ចំនួន​​ដើម្បីឱ្យ​មិត្តភក្កិអាចមកលេងកម្សាន្ត និងការដាក់ព័ន្ធសុវត្ថិភាពឱ្យខ្ពស់​តឹងរឹងជាងមុន​។ នេះក៏ជា​បំណងថ្មីមួយរបស់កីឡាករយុវជន Yamal ដែលចង់រស់នៅប្រើជីវិតផ្ទាល់ខ្លួន ឆ្ងាយ​ពី​ក្រុមគ្រួសារ បន្ទាប់​បានទិញផ្ទះសម្រាប់ម្តាយ ឪពុក និងលោកយាយទី​ស្រលាញ់​របស់គេរួចមក។ អ្នកគាំទ្រជាច្រើន បានសាទរ កីឡាករវ័យ ១៨ឆ្នាំ ចំពោះការផ្តល់តម្លៃខ្ពស់ ទៅកាន់​គ្រួសារគេជា​មុន មុនគិតដល់ខ្លួនឯង។

នៅត្រឹមវ័យ ១៨ឆ្នាំ Yamal សម្រេចបានសមិទ្ធផលធំមួយរួចទៅហើយ ក្នុងនាមជា​កីឡាករ​ម្នាក់ចំណោមកីឡាករកំពូល ១០រូប មានប្រាក់ចំណូលខ្ពស់ ប្រចាំឆ្នាំ២០២៥។ គេរកប្រាក់​បាន​ប្រមាណជាង ៤៣លានដុល្លារក្នុងមួយឆ្នាំ ហើយប្រាក់ទាំងនេះបានពីក្លិប Barcelona និង​កិច្ចសន្យាពាណិជ្ជកម្មផ្សេងរបស់គេ។

គ្រាន់តែប្រាក់ទទួលបានពីក្រុមហ៊ុនឧបត្ថម្ភ Yamal រកបាន ៦,៥លានដុល្លារ ក្នុងមួយឆ្នាំរួច​ទៅ​ហើយ។ ចំណែកជាមួយថ្លៃពលរដ្ឋជាង ៤២ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ វាស័ក្តិសម​ល្មម​ឱ្យគេ បំពេញទៅតាមក្តីស្រមៃ​។ បន្ថែមពីនេះ​គឺការកសាងអនាគតជាមួយទឹកប្រាក់​សន្ធឹក​សន្ធាប់​បែបនេះ តាមរយៈអាជីពបាល់ទាត់របស់គេ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top