កីឡាករយុវជន Lamine Yamal ទំនងជិតផ្លាស់ទៅរស់នៅផ្ទះថ្មី ក្នុងទីក្រុង Barcelona ជាអតីតវីឡាទំនើបមួយ របស់អតីតខ្សែការពារ Gerard Pique និងតារាចម្រៀងឡាទីនដ៏ល្បីល្បាញ Shakira ដែលពួកគេបានដាក់លក់ក្រោយចែកផ្លូវគ្នា។ ផ្ទះវីឡានោះទំហំប្រមាណ ៣ ៨០០ ម៉ែត្រការ៉េ លើផ្ទៃដីធំទូលាយមួយ ដោយតម្លៃលក់នៅពេលនេះ ជាង ១២,៥លានដុល្លារ។
ផ្ទះវីឡាមួយនោះ ដំបូងឡើយត្រូវបានទិញដោយអតីតកីឡាករបាល់ទាត់ ក្រុម Barcelona Pique និងអតីតគូស្នេហ៍របស់គេ តារាចម្រៀងឡាទីន Shakira។ ប៉ុន្តែក្រោយអ្នកទាំងពីរ បានសម្រេចចែកផ្លូវគ្នា នៅឆ្នាំ២០២២ ពួកគេក៏បានដាក់លក់ផ្ទះរួមគ្នានោះ ក្នុងតម្លៃជាង ១៦,៣លានដុល្លារ។ តម្លៃនោះក៏បានធ្លាក់ចុះទៅតាមទីផ្សាអចលទ្រព្យរហូតមកដល់ត្រឹមជាង ១២,៥លានដុល្លារ នៅពេលនេះ។
គ្រាន់តែទំហំផ្ទៃផ្ទះ មានរហូតដល់ទៅ ៣ ៨០០ម៉ែត្រការ៉េ ស្ថិតនៅតំបន់ទីប្រជុំទៅដោយអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក្នុងសង្កាត់ Ciutat Diagonal ទីក្រុង Barcelona។ ចំណែកឯជុំវិញបរិវេណផ្ទះនោះវិញ មានផ្ទៃធំទូលាយ មានទាំងអាងហែលទឹកក្នុង និងក្រៅផ្ទះ មានកន្លែងហ្វឹកហាត់លើកទម្ងន់ ទីលានកូនបាល់ បន្ទប់ធ្វើបទភ្លេង និងសួនច្បារដ៏ស្រស់ស្អាត។
ផ្ទះដែល Yamal កំពុងដំណើរការទិញនោះ ក៏ធ្លាប់បានក្លាយជាទីកន្លែងស្នាក់នៅរបស់កីឡាករក្រុម Barca មួយចំនួនដូចជា Alejandro Balde និង Ronald Araujo ដែរ។
បើតាមការចុះផ្សាយកាសែត El Pais និង El Periodico កីឡាករយុវជនវ័យ ១៨ឆ្នាំ នឹងផ្លាស់ទៅរស់ទីនោះផ្ទាល់ ហើយគេក៏នឹងកែប្រែកន្លែងមួយចំនួន ទៅជាទីលានហ្វឹកហាត់បាល់ទាត់ផ្ទាល់ខ្លួន ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង។ គេ ក៏ចង់កែប្រែបន្ទប់មួយចំនួនដើម្បីឱ្យមិត្តភក្កិអាចមកលេងកម្សាន្ត និងការដាក់ព័ន្ធសុវត្ថិភាពឱ្យខ្ពស់តឹងរឹងជាងមុន។ នេះក៏ជាបំណងថ្មីមួយរបស់កីឡាករយុវជន Yamal ដែលចង់រស់នៅប្រើជីវិតផ្ទាល់ខ្លួន ឆ្ងាយពីក្រុមគ្រួសារ បន្ទាប់បានទិញផ្ទះសម្រាប់ម្តាយ ឪពុក និងលោកយាយទីស្រលាញ់របស់គេរួចមក។ អ្នកគាំទ្រជាច្រើន បានសាទរ កីឡាករវ័យ ១៨ឆ្នាំ ចំពោះការផ្តល់តម្លៃខ្ពស់ ទៅកាន់គ្រួសារគេជាមុន មុនគិតដល់ខ្លួនឯង។
នៅត្រឹមវ័យ ១៨ឆ្នាំ Yamal សម្រេចបានសមិទ្ធផលធំមួយរួចទៅហើយ ក្នុងនាមជាកីឡាករម្នាក់ចំណោមកីឡាករកំពូល ១០រូប មានប្រាក់ចំណូលខ្ពស់ ប្រចាំឆ្នាំ២០២៥។ គេរកប្រាក់បានប្រមាណជាង ៤៣លានដុល្លារក្នុងមួយឆ្នាំ ហើយប្រាក់ទាំងនេះបានពីក្លិប Barcelona និងកិច្ចសន្យាពាណិជ្ជកម្មផ្សេងរបស់គេ។
គ្រាន់តែប្រាក់ទទួលបានពីក្រុមហ៊ុនឧបត្ថម្ភ Yamal រកបាន ៦,៥លានដុល្លារ ក្នុងមួយឆ្នាំរួចទៅហើយ។ ចំណែកជាមួយថ្លៃពលរដ្ឋជាង ៤២ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ វាស័ក្តិសមល្មមឱ្យគេ បំពេញទៅតាមក្តីស្រមៃ។ បន្ថែមពីនេះគឺការកសាងអនាគតជាមួយទឹកប្រាក់សន្ធឹកសន្ធាប់បែបនេះ តាមរយៈអាជីពបាល់ទាត់របស់គេ៕
ប្រភព៖ THMEYTHMEY



