អ្នកជំនាញម៉ាឡេស៊ីសង្ឃឹម FIFA បន្ថយទណ្ឌកម្ម ដើម្បីសង្គ្រោះអាជីពកីឡាករ​បន្លំចូល​សញ្ជាតិ​ទាំង៧នាក់

លោក Zulakbal Abdul Karim អ្នកជំនាញផ្នែកបាល់ទាត់ប្រចាំម៉ាឡេស៊ី សង្ឃឹមថា សហ​ព័ន្ធ​បាល់ទាត់អន្តរជាតិ (​​FIFA) នឹងបន្ថយទណ្ឌកម្ម លើកីឡាករបរទេស ​ដែលបានក្លែង​បន្លំ​ឯកសារចូលសញ្ជាតិ ចូលលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី កន្លងមក។ អ្នក​ជំ​នាញ​រូបនេះ ចាត់ទុកការបន្ថយទណ្ឌកម្មនោះ អាចសង្គ្រោះអាជីពបាល់ទាត់​របស់​កីឡា​ករ​ ទាំង៧នាក់។

កន្លងមក​ FIFA បានដាក់ពិន័យ​សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ជាប្រាក់ជាង​៤០​ម៉ឺន​ដុល្លារ និងកីឡាករ៧រូប មិនឱ្យជាប់ពាក់ព័ន្ធវិស័យបាល់ទាត់១២ខែ និងពិន័យជាប្រាក់​២ ៥០០ ដុល្លារក្នុងម្នាក់។ កីឡាករទាំង៧រូប រួមមាន Gabriel Palmero និង Jon Irazabal សញ្ជាតិ​ដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើម​ប្រេស៊ីល ហើយនិងកីឡាករ Hector Hevel ដើមកំណើតហូឡង់។

រឿងហេតុនាំឱ្យ FAM និងកីឡាករបរទេសទាំង៧នាក់ ជាប់ទណ្ឌកម្ម ព្រោះតែរឿងក្លែងបន្លំ​ឯក​សារចូលសញ្ជាតិម៉ាឡេស៊ី។ កីឡាករទាំង ៧នាក់ ក្លែងបន្លំចូលលេងឱ្យក្រុមជម្រើស​ជាតិម៉ាឡេស៊ី និងជួយក្រុមយកឈ្នះ ការប្រកួតទល់វៀតណាម លទ្ធផល ៤-០ នៅការប្រ​កួតវគ្គជម្រុះ Asian Cup ឆ្នាំ២០២៧ ក្នុងពូល F កាលពីខែមិថុនា។

ចាញ់ការប្រកួត ធ្វើឱ្យវៀតណាមសង្ស័យ និងបានស្រាវជ្រាវរហូតប្តឹងទៅ FIFA ទាក់ទងនឹង​កីឡាករចូលសញ្ជាតិទាំង ៧នាក់នោះ។ តាមរយៈបណ្តឹងរបស់វៀតណាម គណៈ​កម្មការ​វិ​ន័យ​​របស់ FIFA បានស៊ើប​អង្កេត និងរកឃើញភស្តុតាងបញ្ជាក់ថាកី ឡាករទាំង៧នាក់ គ្មានជាប់ឈាមសែស្រឡាយ មានជីដូនជីតា ជាជនម៉ាឡេស៊ីឡើយ។

​ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅ លោក Tunku Ismail Idris ទីប្រឹក្សាក្រុមជម្រើសជាតិម៉ាឡេស៊ី ​បញ្ជាក់ថា ចំពោះករណី FAM ពិបាក​ប្តឹងឧទ្ធរណ៍ឱ្យ​ឈ្នះ ​FIFA ខ្លាំងណាស់។ FAM មានតែទទូចសុំឱ្យ FIFA កាត់បន្ថយទណ្ឌកម្មលើសហព័ន្ធ និងកីឡាករតែប៉ុណ្ណោះ។

សម្រាប់លោក Karim អ្នកជំនាញផ្នែកបាល់ទាត់ ក៏យល់​ស្រដៀងនេះ​ដែរ។ Karim សង្កត់ ធ្ងន់ថា ការបន្ថយពិន័យលើកីឡាករ នឹងសង្រ្គោះដល់អាជីពបាល់ទាត់របស់ពួកគេ។ បើសិន​ជា FIFA បានបន្ថយទណ្ឌកម្មចំពោះកីឡាករ នោះពួកគេអាចត្រឡប់ចូលហ្វឹកហាត់​ទាន់​ពេល ដើម្បីរក្សាទម្រង់លេង និងសមត្ថភាពផ្នែកបាល់ទាត់។ បុរសដែលកាន់​សញ្ញា​ប័ត្រ​ផ្នែក​គ្រូបង្វឹកអាជីព ពី​សហព័ន្ធបាល់ទាត់អាស៊ី (AFC) ជឿ​ជាក់ថា ការបន្ថយពិន័យពី ១ឆ្នាំ មក​នៅត្រឹមតែ ៦ខែ វានឹងមិនប៉ះពាល់ដល់ទម្រង់លេងកីឡាករទាំងនោះឡើយ។ 

កាលពីពេលថ្មីៗនេះ កីឡាករ Facundo Garces ចំណោមការប្រកួត ៦នាក់ផ្សេងទៀត កំពុងប្រឈមមុខនឹងការត្រូវក្លិប Deportivo Alaves របស់លីគកំពូលអេស្ប៉ាញ (La Liga) ផ្តាច់កិច្ចសន្យាមុនពេលកំណត់ ព្រោះតែជាប់ពាក់ព័ន្ធនឹងបញ្ហាក្លែងបន្លំឯកសារចូល​សញ្ជាតិ​នេះ​៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top