ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិ«ជើងឯកវឌ្ឍនៈឡេជិន»ដែលប្រជុំដោយវីរបុរសកីឡាករវាយកូនហ្គោល លំដាប់ពិភពលោកឆ្នើមៗលើកដំបូងនៅប្រទេសកម្ពុជាមានប្រាក់រង្វាន់សរុបរហូតដល់ ៥៥ម៉ឺនដុល្លារអាមេរិក។
ជើងឯកវឌ្ឍនៈឡេជិន នឹងរៀបចំនៅលើទីលានកីឡាវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត ដោយមានការចូលរួមប្រកួតពីកីឡាវាយកូនហ្គោលល្បីៗមានដូចជាលោក Michael Campbell ម្ចាស់ជើងឯក U.S Open ឆ្នាំ ២០០៥។ លោក David Fichardt ជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប European Tour ៥សម័យកាល។ លោក Phillip Price ជាម្ចាស់ជើងឯក Legends Tour ៣សម័យកាល និងម្ចាស់ជើងឯក Order of Merit។ លោក Hend ជាម្ចាស់ជើងឯក DP World Tour ៣សម័យកាលជាដើម។
លោក James Durkin តំណាង វឌ្ឍនៈ ហ្គោល រីហ្សត បានបង្ហាញនៅក្នុងបទបង្ហាញដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ ថា ព្រឹត្តិការណ៍នេះគ្រោងចំណាយថវិកាអស់ប្រមាណជាង ១លានដុល្លារអាមេរិក ក្នុងនោះប្រាក់រង្វាន់សរុប ៥៥ម៉ឺនដុល្លារអាមេរិក ដែលនឹងផ្តល់ជូនជ័យលាភីទៅតាមចំណាត់ថ្នាក់។
លោកបន្ថែមថា ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអន្តរជាតិដ៏ធំលើកដំបូងនេះមិនត្រឹមតែផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្សាយទៅកាន់ទ្វីបអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗដើម្បីឲ្យឃើញពីសក្តានុពលកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោកដូចជាជា Sky Sports, GOLF, CANEL+, VIASAT SPORT និង Super Sport ជាដើម។
នៅក្នុងចំណោមវីរបុរសកីឡាករវាយកូនហ្គោលដ៏ល្បីៗដែលនឹងចូលរួម មានលោក លោក Michael Campbell ដែលបានឈ្នះពានរង្វាន់ U.S Open ជាពានរង្វាន់កីឡាវាយកូនហ្គោលធំបំផុតនៅក្នុងពិភពលោក។
ប្រភព៖ KAMPUCHEATHMEY



