(បរទេស)៖ កីឡាការិនី Mai Enderby នៃក្លឹបហង្សក្រហម Liverpool ត្រូវបានសែងចេញពីទីលាន ដើម្បីដឹកនាំទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ក្រោយពេលរងរបួសកជាទម្ងន់កាលពីរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការប្រកួតទាំងស្រុងត្រូវបានពន្យារពេលដល់ទៅ ២២នាទីឯណោះ បន្ទាប់ពី Enderby ដែលស្ថិតក្នុងក្រុមជម្រើសជាតិ ឈុតក្រោមអាយុ ២៣ឆ្នាំអង់គ្លេសផងនោះ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ មុនពេលក្រុមស្រ្តី Liverpool បានរងបរាជ័យ ២-១ នៅក្នុងផ្ទះរបស់ Tottenham Hotspur។
កីឡាការិនីដែលមានវ័យទើបតែ ២០ឆ្នាំរូបនេះ បានចូលលេងទាំង ៦ប្រកួតតែម្តងសម្រាប់ Liverpool នារដូវកាលថ្មី ក្នុងក្របខណ្ឌលីគ Women’s Super League 2025-26 និងលេងក្នុងជម្រើសដំបូងទៀតពេលប៉ះ Spurs ដ្បិតក្រុមហង្សក្រហមមួយនេះ កំពុងស្ថិតនៅលេខ២ រាប់ពីក្រោម ដោយពុំទាន់រកបាន ៣ពិន្ទុក្នុងប្រកួតណាមួយនៅឡើយ។
Liverpool បានអវត្តមានកីឡាការិនី Marie Hobinger និង Sophie Roman Haug ដោយសារមានរបួស ACL នៅមុនពេលបន្តបាត់បង់ Enderby ថែមទៀត នៅមុនពេលលីគសម្រាក ដើម្បីចូលរួមលេងឱ្យជម្រើសជាតិ៕
ប្រភព៖ FRESHNEWS



