ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងបង្ហាញឆន្ទៈចង់ចុះកិច្ចសន្យាយកអតីតខ្សែប្រយុទ្ធរបស់ខ្លួនកីឡាករ Harry Kane ពី Bayern Munich មកវិញ ស្របពេលដែលក្លិបអ្នកមានបុណ្យ FC Barcelona ក៏កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះដូចគ្នា។
Kane កំពុងតែរីករាយជាមួយការបង្ហាញសមត្ថភាពយ៉ាងល្អជាមួយក្រុម Bayern Munich ដោយការលេងនៅទីនោះតាំងពីរដូវក្តៅឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន រូបគេរកបាន ១០៧ គ្រាប់ ក្នុងចំណោមការលេងចំនួន ១១១ ប្រកួតគ្រប់កម្មវិធី។
ទោះបីជាយ៉ាងណា អនាគតរបស់គាត់ជាមួយ Bayern Munich កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារព័ត៌មាន អាល្លឺម៉ង់ បានទម្លាយ ថា ក្លិបគ្រោងលក់ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ៣២ ឆ្នាំក្នុងតម្លៃផ្តាច់កុងត្រាចំនួន ៧៤.៤០ លានដុល្លារអាមេរិក។
Barcelona ក៏គិតគូផងដែរ អំពីជម្រើសរបស់ខ្លួនមួយនេះ ដោយការចុះកិច្ចសន្យាលើ Kane ដំណើការទៅមុខបាន ឬមិនបាន គឺអាស្រ័យលើហិរញ្ញវត្ថុរបស់ក្លិបជាចម្បងតែម្តង។
ប្រភពដដែលបានបន្ត ថា Barcelona ចង់បាន Kane ក៏មិនមែនជារឿងងាយស្រួលនោះដែរ ដោយពួកគេនឹងត្រូវជួបគូប្រជែងមួយ គឺក្រុមមកពី អង់គ្លេស Spurs។ ក្លិបរហស្សនាមមាន់ខ្នាយមាស កំពុងពិចារណាចង់បានអតីតខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះមកវិញ ដើម្បីពង្រឹងក្រុម។
គួរឱ្យដឹងថា Kane បានចំណាយពេល ១៣ ឆ្នាំ ក្នុងការស្នាក់នៅជាមួយ Spurs។ កីឡាករបានស៊ុតបញ្ចូលទីចំនួន ២៨០ គ្រាប់ ក្នុងការបង្ហាញខ្លួនគ្រប់កម្មវិធី ប៉ន្តែជាអកុសល គឺរូបគេបានឈ្នះពានណាមួយឡើយនៅទីនោះ៕
ប្រភព៖ KAMPUCHEATHMEY



