សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសទទួលពាក្យចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដូច្នេះសមាគម-ក្លឹប ទាំងអស់ដែលមានបំណងចង់ប្រកួតប្រជែងសូមរួសរាន់ឡើង។
នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះលើផេកសហព័ន្ធបានបញ្ជាក់ថា សហព័ន្ធនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ផ្នែកបុរស នៅថ្ងៃទី១១ ដល់ ២៥ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះនៅទីលានក្នុងវិមានពហុកីឡដ្ឋានជាតិ។
ដូច្នេះសេចក្ដីប្រកាសនេះជាការជូនដំណឹងដល់បណ្ដាសមាគម-ក្លឹបបាល់ទះទាំងអស់ឲ្យរួសរាន់មកទទួលពាក្យ និងបំពេញបែបបទចូលរួមការប្រកួតចាប់ពីថ្ងៃម្សិលមិញនេះរហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ទើបបិទបញ្ចប់ការទទួលពាក្យចូលរួម។
ចំពោះព័ត៌មានអំពីការចុះឈ្មោះ ឬចម្ងល់ផ្សេងៗពាក់ព័ន្ធ និងការស្នើសុំចូលរួមការប្រកួតនេះសមាគម-ក្លឹប អាចមកកាន់សហព័ន្ធកីឡាបាល់ទះក្នុងពហុកីឡដ្ឋានជាតិក៏ដូចជាទំនាក់ទំនងតាមរយៈលេខទូរសព្ទ 012 798 504/ 096 430 999 9 ៕
ប្រភព៖ KAMPUCHEATHMEY



