ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស កា្លយជាក្រុមដំបូងគេដែលឈ្នះគ្រប់ការប្រកួត ដោយមិនរបូតសំណាញ់ទី (Clean Sheet) ក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ តំបន់អឺរ៉ុប។ ជំនួបចុងក្រោយពូល K ក្រុមរហស្សនាមតោកំណាចឈ្នះអាល់បានី ២-០។
ប្រធានក្រុម Harry Kane រកបានពីរគ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ២-០ របស់អង់គ្លេស លើក្រុមអាល់បានី ក្នុងជំនួបចុងក្រោយពូល K នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា។ អង់គ្លេស ដែលឈ្នះកៅអីទៅ World Cup មុនគេ ចំណោមក្រុមទាំងអស់នៅអឺរ៉ុប បានបញ្ចប់យុទ្ធនាការវគ្គជម្រុះតាមពូល ដោយបង្កើតកំណត់ត្រាជាក្រុមល្អឥតខ្ចោះ។
៨ប្រកួត ក្រុមដែលមានលោក Thomas Tuchel ជាគ្រូបង្វឹក ឈ្នះទាំង៨ប្រកួត ជាមួយស៊ុតបញ្ចូលទីគូប្រជែង ២២គ្រាប់ និងមិនឱ្យក្រុមណាស៊ុតចូលសំណាញ់ទីខ្លួនសូម្បីមួយគ្រាប់។ តាមរយៈលទ្ធផលនេះ បានជួយក្រុមតោកំណាចអង់គ្លេស ក្លាយជាក្រុមអឺរ៉ុបដំបូងគេបង្អស់ ឈ្នះគ្រប់ការប្រកួតនៅវគ្គជម្រុះតាមពូល ដោយមិនរបូតគ្រាប់បាល់។
ដោយមិនរាប់បញ្ចូលការប្រកួតជម្រុះបឋមមួយចំនួនតូច មានតែប្រទេសអឺរ៉ុបចំនួន៤ប៉ុណ្ណោះ ដែលបានបញ្ចប់ដោយកំណត់ត្រាឈ្នះ ១០០ភាគរយនៅវគ្គជម្រុះតាមតំបន់ កីឡាបាល់ទាត់ពិភពលោក ប៉ុន្តែមិនអាចរក្សា Clean Sheet នោះទេ។
អាល្លឺម៉ង់ ជាក្រុមចុងក្រោយដែលឈ្នះទាំង១០ប្រកួត ដើម្បីទៅកាន់ FIFA World Cup ឆ្នាំ ២០១៨។ អេស្ប៉ាញ និងហូឡង់ ដែលបានជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១០ សុទ្ធតែបានឡើងទៅបាល់ទាត់ពិភពលោកនៅអាហ្វ្រិកខាងត្បូងយ៉ាងល្អឥតខ្ចោះ។ អាល្លឺម៉ង់ខាងលិច ក៏មានកំណត់ត្រាដូច អេស្ប៉ាញ និងហូឡង់ផងដែរ សម្រាប់ការប្រកួតឆ្នាំ ១៩៨២។
ក្រៅពីអង់គ្លេស អេស្ប៉ាញ ក៏ទំនងក្លាយជាក្រុមល្អបំផុតនៅវគ្គជម្រុះតំបន់អឺរ៉ុប ឆ្នាំ ២០២៦ ផងដែរ។ ៥ប្រកួតក្នុងពូល E អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente មិនទាន់របូតគ្រាប់បាល់មួយគ្រាប់នៅឡើយទេ ក្នុងការប្រកួត៥លើក។ ជំនួបចុងក្រោយ ម្ចាស់ជើងឯកកីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០១០ នឹងត្រូវតទល់តួកគីយេនៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីកាត់ក្តីថាក្រុមណាបានកៅអីស្វ័យប្រវត្តិ និងកៅអីវគ្គវគ្គ play-off និងជាឱកាសដើម្បីអេស្ប៉ាញសាងកំណត់ត្រា ដូចអង់គ្លេសដែរ។
គិតត្រឹមពេលនេះ គេបានរកឃើញ ៥ក្រុមពីតំបន់អឺរ៉ុបកក់សំបុត្រទៅ អាម៉េរិក កាណាដា និងម៉ិកស៊ិក ឆ្នាំក្រោយ ក្នុងនោះរួមមានអង់គ្លេស បារាំង ក្រូអាស៊ី ព័រទុយហ្កាល់ និងន័រវែស។ ក្រុមពីទ្វីបផ្សេងៗដែលរួមដំណើរទៅឆ្នាំ ២០២៦ មាន ម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន ជប៉ុន នូវែលសេឡង់ អ៊ីរ៉ង់ អ៊ូសបេគីស្ថាន កូរ៉េខាងត្បូង ហ្ស៊កដានី អូស្ត្រាលី ប្រេស៊ីល អេក្វាទ័រ អ៊ុយរ៉ូហ្គាយ កូឡុំប៊ី ប៉ារ៉ាហ្គាយ ម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប អាល់ហ្សេរី ហ្គាណា កាប់វ៉ែ អាហ្វ្រិកខាងត្បូង កាតា អារ៉ាប៊ីសាអូឌីត កូដឌីវ័រ និងសេណេហ្គាល់៕
ប្រភព៖ KAMPUCHEATHMEY



