កីឡាករ Lionel Messi និង Cristiano Ronaldo ត្រៀមបំបែកកំណត់ត្រាធំមួយក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup) បន្ទាប់ពីជួយឱ្យជម្រើសជាតិរបស់ពួកគេរៀងៗខ្លួន កក់កៅអីឡើងទៅកាន់ជុំចុងក្រោយពានបាល់ទាត់ជើងឯកពិភពលោក ២០២៦ ជាផ្លូវការ។
ក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីន របស់ Leo Messi បានកក់កៅអីឡើងទៅកាន់ជុំចុងក្រោយពានបាល់ទាត់ជើងឯកពិភពលោក ២០២៦ រួចរាល់ហើយ បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះប្រចាំតំបន់ អាមេរិកខាងត្បូង កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ ឈរនៅលេខរៀងទី ១ ក្នុងពូល ដោយឆ្លងកាត់ ១៨ ប្រកួត ឈ្នះ ១២ ស្មើ ២ និងចាញ់ ៤ មាន ៣៨ ពិន្ទុ។
ចំណែកក្រុម ព័រទុយហ្គាល់ របស់ Ronaldo វិញ ក៏បានកក់កៅអីឡើងជុំចុងក្រោយពាន World Cup 2026 ដូចគ្នាដែរ បន្ទាប់ពីការប្រកួតចុងក្រោយក្នុងពូល F ប្រចាំតំបន់ អឺរ៉ុប កាលពីយប់មិញថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ ពួកគេបានយកឈ្នះលើក្រុម អាមេនី ក្នុងលទ្ធផល ៩-១ ប៉ុន្តែក្នុងការប្រកួតនេះ គ្មានវត្តមានប្រធានក្រុមវ័យ ៤០ ឆ្នាំនោះទេ ដោយសារជាប់ពិន័យកាតក្រហម។ ក្រុមបញ្ចខែល បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល ដោយស្ថិតនៅកំពូលតារាង បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ៨ ប្រកួត ឈ្នះ ៤ ស្មើ ១ និងចាញ់ ១ មាន ១៣ ពិន្ទុ។
ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ World Cup 2026 ត្រូវគេរំពឹង ថា នឹងក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយសម្រាប់កីឡាករកំពូលទាំង ២ បន្ទាប់ពីពួកគេសុទ្ធតែមានវ័យជ្រែខ្លាំងទៅហើយ ខណៈសមីកីឡាករផ្ទាល់ក៏បានបង្ហើបដូចគ្នាបែបនេះផងដែរ។ យ៉ាងណា ប្រសិនបើ Messi និង Ronaldo បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup ២០២៦ នេះទៀត នោះពួកគេនឹងក្លាយជាកីឡាករបង្ហាញខ្លួនច្រើនជាងគេបំផុតក្នុងព្រឹត្តិការណ៍នេះ ពោលគឺចំនួន ៦ លើក។
គួរឱ្យដឹងថា គិតត្រឹមពេលនេះ មានតែ Messi និង Ronaldo ប៉ុណ្ណោះ ដែលជាកីឡាករកំពុងលេង បង្ហាញខ្លួនបាន ៥ លើកនៅ World Cup។ ចំណែកវីរបុរស អាល្លឺម៉ង់ លោក Lothar Matthaus ក៏បង្ហាញខ្លួនបាន ៥ លើកផងដែរ ប៉ុន្តែលោកបានចូលនិវត្តន៍ពីបាល់ទាត់ទៅហើយ៕
ប្រភព៖ KAMPUCHEATHMEY



