លីគបាល់ឱបអាម៉េរិក NFL មានវត្តមានដំបូងលើទឹកដីអេស្ប៉ាញ ទទួលអ្នកទស្សនាផ្ទាល់ជិត ៨ម៉ឺននាក់

ជា​ប្រវត្តិសាស្ត្រដំបូងប្រចាំប្រទេសអេស្ប៉ាញ ដែលលីគកំពូលបាល់ឱបអាម៉េរិក (NFL) បានរៀបចំការប្រកួត នៅក្នុងទីក្រុងម៉ាទ្រីដ នាកីឡដ្ឋាន Santiago Bernabeu ដោយទទួលបានអ្នកចូលទស្សនាផ្ទាល់ ៧៨ ០០០នាក់។

ការប្រកួតលីគបាល់ឱបអាម៉េរិក លើកដំបូងក្នុងទឹកដីអេស្ប៉ាញនេះ បានរៀបចំឡើងជាការប្រកួតរវាងក្រុម Miami Dolphins និង Washington Commanders។ ការប្រកួតរវាងក្រុមទាំងពីរនេះ ដែលបញ្ចប់ទៅលទ្ធផលពិន្ទុស្មើគ្នា ១៣-១៣ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលមានអ្នកគាំទ្រចូលរួមទស្សនាលើស ៧៨ ៦១០នាក់​ ក្នុងកីឡដ្ឋាន Santiago Bernabeu របស់ក្រុម Real Madrid ។ 

បើតាមការប្រកាសរបស់អ្នករៀបចំការប្រកួត កីឡដ្ឋានដ៏ធំនិងទំនើបរបស់ក្លិបរហស្សនាមអ្នកអធិរាជស សឹងតែផ្ទុកអ្នកគាំទ្រពេញកីឡដ្ឋានទាំងមូលទៅហើយ ខណៈការប្រកួតរវាងក្រុមបាល់ឱបល្បីទាំង ២ ពីប្រទេសអាម៉េរិក មានកម្រិតការប្រកួតប្រជែងទាក់ទាញខ្លាំង។ 

ម្យ៉ាងវិញទៀត មិនត្រឹមតែអ្នកគាំទ្រអេស្ប៉ាញច្រើននាក់ឡើយចូលទស្សនាការប្រកួតនៅទីក្រុងម៉ាឌ្រីដនោះ អ្នកគាំទ្រអន្តរជាតិក៏មានវត្តមានក្នុងកីឡដ្ឋានរបស់ Real Madrid។ អ្នកគាំទ្រ រួមគ្នាស្រែកច្រៀង និងអបអរពេលទស្សនាការប្រកួត ធ្វើឱ្យជំនួបនោះក្លាយជាការប្រកួតប្រជែងដ៏អស្ចារ្យមួយ។ 

ការប្រកួតលីគ NFL របស់អាម៉េរិកទៀតសោត បានផ្តល់បទពិសោធន៍ថ្មី ដល់អ្នកគាំទ្រអេស្ប៉ាញ ឱ្យបានស្គាល់អំពីការប្រកួតបាល់ឱបអាម៉េរិក។ ការប្រកួតនោះមានភាពប្រកួតប្រជែងខ្ពស់ តាមរយៈភាពតានតឹងក្នុងការដណ្តើមបាល់ ការប្រើប្រាស់យុទ្ធសាស្ត្រក្នុងការប្រកួត និងការប្រើប្រាស់កម្លាំងកាយសម្បទាខ្លាំង។ 

យ៉ាងណាការប្រកួតនេះ ក៏បង្ហាញអំពីភាពជោគជ័យមួយសម្រាប់អ្នករៀបចំលីគ NFL ដែលបាននាំយកការប្រកួតទៅកាន់ទឹកដីអេស្ប៉ាញ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។ កត្តានេះបានជំរុញឱ្យស្ថាប័នលីគ NFL បន្តប្តេជ្ញាចិត្តសម្លឹងឱកាសនាំយកការប្រកួតកីឡាបាល់ឱបដ៏ល្បីរបស់ខ្លួន មករៀបចំនៅលើទឹកដីអេស្ប៉ាញបន្តទៀតពេលខាងមុខ។ លើសពីនេះ ​NFL បានចាត់ទុកកីឡដ្ឋានក្លិប Real Madrid ជាទីតាំងមានសក្តានុពុលមួយក្នុងការរៀបចំការប្រកួតកីឡាបាល់ឱបនេះ។

មែនទែនទៅ កីឡដ្ឋាន Santiago Bernabeu របស់ក្លិប Real Madrid បានជួសជុលសម្រេច ១០០ភាគរយ នៅក្នុងឆ្នាំ ២០២៤ ដោយចំណាយទឹកប្រាក់សរុបអស់ជិត ២ពាន់លានដុល្លារ។ កីឡដ្ឋានដ៏ទំនើបនេះ អាចរៀបចំព្រឹត្តិការណ៍ផ្សេងៗក្រៅពីបាល់ទាត់ ដូចជាកីឡាបាល់ឱបលីគ NFL នេះ។ កីឡដ្ឋានក្លិប Real Madrid ក៏អាចរៀបចំកម្មវិធីប្រគំតន្ត្រីធំៗ ការប្រកួតកីឡាវាយកូនបាល់ និងព្រឹត្តិការណ៍កីឡាជាច្រើនទៅតាមតម្រូវការ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top