គ្រូ នីហ្ស៊េរីយ៉ា សង្ស័យ កីឡាករ កុងហ្គោ លេង​ផ្លូវ​ងងឹត ទើប​​ក្រុមលោកធ្លាក់ពីជម្រុះ World Cup

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ នីហ្ស៊េរីយ៉ា លោក Eric Chelle សង្ស័យលើក្រុមជម្រើសជាតិ កុងហ្គោ បានលេងផ្លូវងងឹតដាក់ក្រុមរបស់លោក ជាហេតុធ្វើឱ្យក្រុមរបស់លោកធ្វើមិនបានល្អ អំឡុងពេលស៊ុតបាល់ប៉េណាល់ទី ដើម្បីកាត់សេចក្តីរកក្រុមឡើងទៅវគ្គបន្ត ក្នុងវគ្គជម្រុះ (playoff) ជើងឯកពិភពលោក (World Cup 2026)។

ក្រុមជម្រើសជាតិ នីហ្ស៊េរីយ៉ា ជាក្រុមខ្លាំងមួយប្រចាំតំបន់ អាហ្វ្រិក បានធ្លាក់ចេញពីវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ បន្ទាប់ពីការប្រកួតចុងក្រោយ កាលពីថ្ងៃចន្ទ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិ កុងហ្គោ នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៣-៤ ក្រោយបញ្ចប់ការប្រកួត ៩០ នាទីស្មើគ្នាក្នុងលទ្ធផល ១-១។

បន្ទាប់ពីការប្រកួតបញ្ចប់ ដោយទទួលលទ្ធផលមិនល្អ លោក Eric Chelle បានលើកឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើល ថា បានឃើញកីឡាករក្រុម កុងហ្គោ ធ្វើអ្វីម្យ៉ាង ដូចជាកំពុងប្រើមន្តអាគមផ្លូវងងឹតដាក់កីឡាករក្រុមលោក ជាហេតុធ្វើឱ្យពួកគេធ្វើមិនបានល្អ នៅពេលស៊ុតបាល់ប៉េណាល់ទី។

ថ្លែងក្រោយការប្រកួត លោក Eric Chelle ថា៖ «អំឡុងពេលស៊ុតបាល់ប៉េណាល់ទេ ដើម្បីកាត់សេចក្តី មានកីឡាករម្នាក់របស់ កុងហ្គោ បានធ្វើអ្វីម្យ៉ាងដូចជាអំពើផ្លូវងងឹត។ រាល់ពេល… រាល់ពេល។ ដូច្នេះ នេះជាអ្វី ដែលធ្វើឱ្យខ្ញុំសង្ស័យបន្តិច បន្ទាប់ពីគាត់ធ្វើបែបនេះ»។

គួរបញ្ជាក់ជាថ្មី ថា ក្រុម នីហ្ស៊េរីយ៉ា អស់ឱកាស ឡើងទៅកាន់ជុំចុងក្រោយ World Cup ឆ្នាំ ២០២៦។ ចំណែកក្រុម កុងហ្គោ វិញ នឹងត្រូវឡើងទៅវគ្គបន្ត ដោយត្រូវធ្វើការប្រកួតជម្រុះ (playoff) មួយជុំទៀត ជាមួយនឹងក្រុមជម្រើសជាតិមកពីទ្វីប អាមេរិកខាងត្បូង អូសេអានី អាស៊ី និង ២ ក្រុមទៀតមកពីទ្វីប អាហ្វ្រិក ខាងជើង ឬ កណ្តាល និងតំបន់ ការ៉ាប៉ីន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top