សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានប្រកាសជាផ្លូវការហើយ អំពីកាលបរិច្ឆេទរៀបចំការប្រកួតពានរង្វាន់ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ASEAN Cup 2026 ខណៈរូបមន្តប្រកួត គឺមិនមានអ្វីប្រែប្រួលច្រើននោះទេ។
កាលពីថ្ងៃ សុក្រ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ AFF បានប្រកាសអំពីការរៀបចំពាន ASEAN Cup ឬ ASEAN Hyundai Cup 2026 នឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២៦ ពោល គឺចាប់ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៦។ ការរៀបចំពាននេះនៅឆ្នាំ ២០២៦ ខាងមុខ ក៏ជាគម្រប់ខួប ៣០ ឆ្នាំនៃពាន ASEAN Cup នេះផងដែរ ដែលបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៦។
បើក្រឡេកមកមើលអំពីរូបមន្តប្រកួតវិញ គឺមិនមានអ្វីខុសគ្នាច្រើននឹងឆ្នាំ ២០២៤ នោះទេ។ ក្រុមជម្រើសជាតិ មានចំណាត់ថ្នាក់ទាបជាងគេចំនួន ២ នឹងត្រូវធ្វើការប្រកួតជម្រុះ (playoff) ក្រៅដី និងក្នុងដី នៅថ្ងៃទី ២ និង ៩ ខែ មិថុនា ដើម្បីរកមួយក្រុមទៅបង្គ្រប់ ១០ ក្រុមនៅវគ្គសន្សំពិន្ទុក្នុងពូល។
ក្រុមមានភាគរយខ្ពស់ នឹងត្រូវឆ្លងកាត់ការប្រកួតជម្រុះ (playoff) នេះ មាន ប្រ៊ុយណេ ឡាវ និង ទីម័រខាងកើត ដោយសារបច្ចុប្បន្ន ពួកគេជាក្រុមមានចំណាត់ថ្នាក់ទាបជាងគេបំផុត។ ចំណែក កម្ពុជា វិញ គឺមានសុវត្ថិភាពហើយ ដោយសារបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លើពួកគេ ហើយក៏មានពិន្ទុលើសក្រុមទាំង ៣ នេះច្រើនគួរសមផងដែរ។
បន្ទាប់ពីរកឃើញក្រុមទាំង ១០ រួចរាល់ AFF នឹងចាប់ឆ្នោតបែងចែកពូល ជា ២ ពូល។ វគ្គសន្សំពិន្ទុក្នុងពូល នឹងធ្វើការប្រកួតមួយជើងៗ សម្រាប់ពូលខ្លួនឯងគ្រប់ក្រុមទាំងអស់ ដោយការប្រកួតនឹងធ្វើឡើងនៅក្រៅដី ២ ប្រកួត និងក្នុងដី ២ ប្រកួត។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ៨ ខែ សីហា។
ក្រុមទទួលបានចំណាត់ថ្នាក់ស្ថិតនៅលំដាប់កំពូលលេខ ១ និងលេខ ២ ប្រចាំពូលនីមួយៗ នឹងទទួលបានកៅអីឡើងទៅវគ្គចាញ់ធ្លាក់ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ) ដែលនឹងធ្វើឡើងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៦។ ការប្រកួតនៅក្នុងវគ្គចាញ់ធ្លាក់នេះ នឹងធ្វើឡើង ២ ជើង ដោយទាំងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ សុទ្ធតែមានការប្រកួតក្នុងដី និងក្រៅដី។
គួរឱ្យដឹងថា ការរៀបចំពាន ASEAN Cup 2026 គឺជារដូវកាលទី ១៦ ហើយ ដែលពាននេះកកើតឡើង ខណៈកាលពីឆ្នាំ ២០២៤ ជើងឯកពាននេះ បានទៅលើក្រុមជម្រើសជាតិ វៀតណាម បន្ទាប់ពីយកឈ្នះលើក្រុម ថៃ ទាំង ២ ជើងក្នុងលទ្ធផល ៥-៣៕
ប្រភព៖ KAMPUCHEATHMEY



