ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Bérgson Gustavo អាចត្រូវបានចាត់ទុកជាវិរបុរសរបស់ក្លិបអ្នកមានម៉ាឡេស៊ី Johor Darul Ta’zim បន្ទាប់ពីរូបគេបានចូលរួមជាមួយក្លិបតាំងពីឆ្នាំ ២០២១ ដោយធ្វើបានយ៉ាងល្អបំផុត។
កីឡាករកម្ពស់ ១.៨០ម៉ែត្រ វ័យ ៣៤ឆ្នាំ រូបនេះមានបទពិសោធច្រើនក្នុងការលេងបាល់ទាត់កម្រិតអន្តរជាតិ។ ចាប់ពីឆ្នាំ ២០០៩ ដល់ ២០១៥ រូបគេលេងឲ្យក្លិប Gremior នៅលីគប្រទេសប្រេស៊ីល។ ចន្លោះឆ្នាំ ២០១១ ដល់ ២០២០ រូបគេលេងឲ្យក្លិបជាច្រើននៅប្រេស៊ីល កូរ៉េខាងត្បូង និង ព័រទុយហ្គាល់។
នៅឆ្នាំ ២០២១ កីឡាករ Bérgson Gustavo ត្រូវបានក្លិប Johor Darul Ta’zim ខ្ចីជើង និងចុះកុងត្រាយកផ្តាច់ក្នុងឆ្នាំ ២០២២។ គិតចាប់ពីបានចូលរួមជាមួយយក្សម៉ាឡេស៊ីមក រូបគេបានក្លាយជាកីឡាករដ៏សំខាន់ប្រចាំក្លិបក្នុងតំណែងជាខ្សែប្រយុទ្ធមុតស្រួច។ រហូតដល់ពេលនេះ រូបគេឈានចូលរដូវកាលទី ៥ ហើយដោយធ្លាប់បង្ហាញខ្លួននៅលើទីលានប្រហែលជា៩០ លើក រកបានជាង ១០០គ្រាប់។ បើសរុបគ្រប់ក្លិប និងគ្រប់ការប្រកួត រូបគេលេងបានចំនួន ៤២១ លើក និងរកបាន ២០៩ គ្រាប់។
និយាយតែក្លិប Johor Darul Ta’zim នៅលីគកំពូលម៉ាឡេស៊ី ចាប់ពីឆ្នាំ ២០២១ ដល់ រដូវកាល ២០២៥-២៦ កីឡាករ Bérgson Gustavo បានជួយក្លិបឈ្នះជើងឯកចំនួន ១៤ គឺ ជើងឯកលីគកំពូលម៉ាឡេស៊ី ៤ លើក ជើងឯក Malaysian FA Cup ៣លើក ជើងឯក Malaysian Cup ៣លើក និងជើងឯក Piala Sumbangsith ៤ លើក។
ចំពោះពានរង្វាន់ឯកត្តជនវិញ កីឡាករ Bérgson Gustavo បានឈ្នះស្បែកជើងមាស (Top Scorer) ២លើកនៅលីគកំពូលម៉ាឡេស៊ី គឺឆ្នាំ ២០២២ និង រដូវកាល ២០២៤-២៥ ព្រមទាំងជាម្ចាស់ស្បែកជើងមាស ៣ លើកទៀត ក្នុងពានរង្វាន់ Malaysian Cup។
ជាពិសេសទៀតនោះ កីឡាករ Bérgson Gustavo បានឈ្នះពានរង្វាន់កីឡាករបរទេសល្អបំផុតប្រចាំលីគកំពូលម៉ាឡេស៊ីចំនួន ៣ លើកជាប់គ្នាគឺ ឆ្នាំ ២០២២ ២០២៣ និង ២០២៤-២៥។ កាលពីឆ្នាំ ២០២២ រូបគេបានជាប់ជាកីឡាករជម្រើស ១១ នាក់ល្អបំផុតសម្រាប់អ្នកគាំទ្រ ក្នុងពានរង្វាន់ទ្វីបអាស៊ី AFC Champions League ទៀតផង។
នៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះ កីឡាករ Bérgson Gustavo ទំនងជាតួសំខាន់មិនអាចខ្វះបានសម្រាប់ក្រុម Johor Darul Ta’zim សម្រាប់ការធ្វើដំណើរមកប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Club Championship៕
ប្រភព៖ KAMPUCHEATHMEY



