ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ន័រវែស កីឡាករ Erling Haaland កំពុងឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក (World Cup 2026)។
នៅរដូវកាលនេះ Haaland កំពុងបង្ហាញសមត្ថភាពល្អខ្លាំងទាំងនៅក្លិប និងជម្រើសជាតិ។ រូបគេបានរួមចំណែកយ៉ាងធំធេង ដោយជួយឱ្យក្រុមជម្រើសជាតិ ន័រវែស កក់កៅអីឡើងទៅជុំចុងក្រោយពានរង្វាន់ World Cup 2026 ជាផ្លូវការ ដែលជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រគិតចាប់តាំងពីឆ្នាំ ១៩៩៨។
Haaland បច្ចុប្បន្នកំពុងឈរ ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុតនៅក្នុងវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដោយរកបានគ្រាប់បាល់បានចំនួន ១៦ គ្រាប់ ក្នុងចំណោមការលេងក្នុងពូលចំនួន ៨ ប្រកួត។
ដោយឡែកកីឡាករ Almoez Ali របស់ក្រុមជម្រើសជាតិ កាតា ឈរនៅលំដាប់លេខ ២ រកបាន ១២ គ្រាប់, កីឡាករ Mohamed Amoura របស់ក្រុមជម្រើសជាតិ អាល់ហ្ស៊េរី, កីឡាករ Son Heung-min របស់ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង, កីឡាករ Mehdi Taremi របស់ក្រុមជម្រើសជាតិ អ៊ីរ៉ង់ ឈរនៅលំដាប់លេខ ៣ រកបាន ១០ គ្រាប់ដូចគ្នា។
គួរឱ្យដឹងថា ការប្រកួតជម្រុះ World Cup 2026 បានរកឃើញក្រុមជម្រើសជាតិចំនួន ៤២ ហើយ ដែលបានឡើងទៅកាន់វគ្គជុំចុងក្រោយ ខណៈនៅសល់ ៦ ក្រុមទៀត ដែលមិនទាន់រកឃើញ។ នៅ World Cup 2026 ត្រូវបានកំណត់ឱ្យមានក្រុមចូលរួមប្រកួតក្នុងជុំចុងក្រោយចំនួន ៤៨ ក្រុម ខណៈចំនួននេះ លើសកាលពីឆ្នាំ ២០២២ ដែលមាន ៣២ ក្រុម៕
ប្រភព៖ KAMPUCHEATHMEY



