Bérgson ជា​កីឡាករ​​បរទេស​ល្អ​បំផុត ​៣ ​រដូវ​កាល​ជាប់​គ្នា​នៅ​ម៉ាឡេស៊ី ត្រៀម​ប៉ះ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Bérgson Gustavo អាច​ត្រូវ​បាន​ចាត់​ទុក​ជា​វិរបុរស​របស់​ក្លិប​អ្នក​មាន​ម៉ាឡេស៊ី Johor Darul Ta’zim បន្ទាប់​ពី​រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្លិប​តាំង​ពី​ឆ្នាំ ២០២១ ដោយ​ធ្វើ​​បាន​យ៉ាង​ល្អ​បំផុត។

កីឡាករកម្ពស់ ១.៨០ម៉ែត្រ វ័យ ៣៤ឆ្នាំ រូបនេះមានបទពិសោធច្រើនក្នុងការលេងបាល់ទាត់កម្រិតអន្តរជាតិ។ ចាប់ពីឆ្នាំ ២០០៩ ដល់ ២០១៥ រូបគេលេងឲ្យក្លិប Gremior នៅលីគប្រទេសប្រេស៊ីល។  ចន្លោះឆ្នាំ ២០១១ ដល់ ២០២០ រូបគេលេងឲ្យក្លិបជាច្រើននៅប្រេស៊ីល កូរ៉េខាងត្បូង និង ព័រទុយហ្គាល់។

នៅឆ្នាំ ២០២១ កីឡាករ Bérgson Gustavo ត្រូវបានក្លិប Johor Darul Ta’zim ខ្ចីជើង និងចុះកុងត្រាយកផ្តាច់ក្នុងឆ្នាំ ២០២២។ គិតចាប់ពីបានចូលរួមជាមួយយក្សម៉ាឡេស៊ីមក រូបគេបានក្លាយជាកីឡាករដ៏សំខាន់ប្រចាំក្លិបក្នុងតំណែងជាខ្សែប្រយុទ្ធមុតស្រួច។ រហូតដល់ពេលនេះ រូបគេឈានចូលរដូវកាលទី ៥ ហើយដោយធ្លាប់បង្ហាញខ្លួននៅលើទីលានប្រហែលជា៩០ លើក រកបានជាង ១០០គ្រាប់។ បើសរុបគ្រប់ក្លិប និងគ្រប់ការប្រកួត រូបគេលេងបានចំនួន ៤២១ លើក និងរកបាន ២០៩ គ្រាប់។

និយាយ​តែ​ក្លិប Johor Darul Ta’zim នៅ​លីគ​កំពូល​ម៉ាឡេស៊ី ចាប់​ពី​ឆ្នាំ ២០២១ ដល់ រដូវ​កាល ២០២៥-២៦ កីឡាករ Bérgson Gustavo បាន​ជួយ​ក្លិប​ឈ្នះ​ជើង​ឯកចំនួន ១៤ គឺ ជើង​ឯក​លីគ​កំពូល​ម៉ាឡេស៊ី​ ៤ លើក ជើង​ឯក Malaysian FA Cup ៣លើក ជើង​ឯក Malaysian Cup ៣លើក និងជើង​ឯក Piala Sumbangsith ៤ លើក។

ចំពោះ​ពាន​រង្វាន់​ឯកត្តជន​វិញ ​កីឡាករ Bérgson Gustavo បាន​ឈ្នះស្បែក​ជើង​មាស (Top Scorer) ២​លើក​នៅ​លីគ​កំពូល​ម៉ាឡេស៊ី ​គឺ​ឆ្នាំ​ ២០២២ និង រដូវ​កាល ២០២៤-២៥ ព្រម​ទាំង​ជា​ម្ចាស់​​ស្បែក​ជើង​មាស ៣ លើក​ទៀត​ ក្នុង​ពាន​រង្វាន់ Malaysian Cup។

ជា​ពិសេស​ទៀត​នោះ កីឡាករ Bérgson Gustavo បាន​ឈ្នះ​ពាន​​រង្វាន់​កីឡាករ​បរទេស​ល្អ​បំផុត​ប្រចាំ​លីគ​កំពូល​ម៉ាឡេស៊ី​ចំនួន ៣ លើកជាប់​គ្នា​​គឺ ឆ្នាំ ២០២២ ២០២៣ និង ២០២៤-២៥។ កាល​ពី​ឆ្នាំ ២០២២ រូប​គេ​បាន​ជាប់​ជា​កីឡាករជម្រើស ១១ នាក់​ល្អ​បំផុត​សម្រាប់​អ្នក​គាំទ្រ ក្នុង​ពាន​រង្វាន់ទ្វីប​អាស៊ី​ AFC Champions League ទៀត​ផង។

នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ខាង​មុខ​នេះ  កីឡាករ Bérgson Gustavo ទំនង​ជា​តួ​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ក្រុម Johor Darul Ta’zim សម្រាប់​ការ​ធ្វើ​ដំណើរ​មក​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ ASEAN Club Championship៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top