ការប្រកួតរវាងអ្នកលេងគុនខ្មែរ ពេជ្រ អាទិទេព និង វ៉ាន់ វឿន ដាច់ស្រេចហើយកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ចប់ការប្រកួតត្រឹមទឹកទី១ ប៉ុណ្ណោះ ខណៈជ័យជម្នះបានទៅលើកូនសិស្សគ្រូឆ្នើម។
ការប្រកួតសងសឹករវាងអ្នកលេងគុនខ្មែរ ពេជ្រ អាទិទេព និង វ៉ាន់ វឿន គឺធ្វើឲ្យគាំទ្រចាប់អារម្មណ៍ខ្លាំងតាំងតែពីមុនប្រកួតមកម្ល៉េះតាមរយៈការប្ដេជ្ញាចិត្តយកឈ្នះរៀងខ្លួនរួមទាំងការប្រកួតដោយហ្គង់ចេញម្រាមដោយមិនញញើតគ្នាទៀតផង។
គូនេះមិនទុកពេលវេលាឲ្យដើរដោយឥតប្រយោជន៍នោះឡើយគោះជួងភ្លាមបើកឆាកប្រយុទ្ធភ្លាមតែម្ដង។ ដូចដឹងស្រាប់ហើយ ពេជ្រ អាទិទេព គឺតែងតែដើរបុកចូលជានិច្ចសម្រុករហូតដល់ វ៉ាន់ វឿន ត្រូវរាប់តាំងពីដើមទឹកមកម្ល៉េះ។ ដោយសារតែទប់និងកណ្ដាប់ដៃរបស់ ពេជ្រ អាទិទេព មិនបាន វ៉ាន់ វឿន ត្រូវអាជ្ញាកណ្ដាលរាប់ជាលើកទី២ បន្ទាប់មកបន្តការប្រកួតបានតែបន្តិចអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតនៅចុងទឹកទី១ នេះតែម្ដងទៅ។
មួយប្រកួតនេះគឺជម្រះមន្ទិលសង្ស័យរបស់ វ៉ាន់ វឿន ហើយដែលរូបគេធ្លាប់ភ្លាត់ចាញ់ខ្សែក្រវាត់នៅសង្វៀនបាយ័នកន្លង។ ការប្រកួតម្សិលមិញនេះគឺក្រុមគ្រូឆ្នើមលោក ពេជ្រ សុផាន់ ធ្វើឲ្យកក្រើកសង្វៀនហង្សមាសតែម្ដងមិនថាគូ ពេជ្រ សឹង្ហៈ ពេជ្រ អាទិទេព និង ពេជ្រ សម្បត្តិ ដោយយកឈ្នះទាំងអស់គ្នា។ ដោយឡែក ពេជ្រ អាទិទេព លើកទី១ ឈ្នះពិន្ទុ វ៉ាន់ វឿន នៅសង្វៀនបាយ័ន និងលើកទី២ ឈ្នះសន្លប់ទឹកទី១ នៅសង្វៀនហង្សមាស៕
ប្រភព៖ KAMPUCHEATHMEY



