ចាន់ វឌ្ឍនាកា នឹងវិលចូលទីលានប្រកួតវិញ ក្រោយបាត់មុខអស់១០ខែ ដោយសាររបួសជង្គង់

ភ្នំពេញ៖ កីឡាករក្លឹបបឹងកេត ចាន់ វឌ្ឍនាកា បានប្រកាសចូលទីលានប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ «Cambodia Premier League» ឡើងវិញ ក្រោយសម្រាកអស់រយៈពេល ១០ខែ ដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ។ កីឡាកររូបនេះបានប្រកាសបែបនេះ នាថ្ងៃទី២៣ ខែវិច្ឆិកា។

ចាន់ វឌ្ឍនាកា បានដាច់​សសៃ ACL ជង្គង់ខាងឆ្វេង និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (Meniscus) ក្នុងអំឡុង ក្លឹបបឹងកេត ប្រកួតតទល់នឹងក្រុមខេត្តកំពង់ចាម កាលពី១៥ ខែកុម្ភៈ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឆ្នាំ២០២៤-២៥។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានទទួលការវះកាត់ដោយជោគជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ និងបន្តសម្រាកព្យាបាលរបួសរយៈពេល ៩ខែបន្ថែមទៀត។  

យ៉ាងណាមកដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ចាន់ វឌ្ឍនាកា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា រូបគេត្រូវបានក្រុមគ្រូពេទ្យ ក៏ដូចជាគ្រូបង្វឹក អនុញ្ញាតឱ្យចូលទីលានប្រកួតវិញហើយ។ ក្រោយឃើញការប្រកាសយ៉ាងដូច្នេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិស្វាគមន៍ ដោយក្ដីនឹករលឹកចំពោះគុណផលលើទីលានដែលរូបគេធ្លាប់ធ្វើបានល្អនាពេលកន្លងមក។

ចាន់ វឌ្ឍនាកា បានដាច់សសៃ ACL ជង្គង់ខាងឆ្វេង និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (Meniscus) ក្នុងអំឡុង ក្លឹបបឹងកេត ប្រកួតតទល់នឹងក្រុមខេត្តកំពង់ចាម កាលពី១៥ ខែកុម្ភៈ។ រូបថត៖ បឹងកេត

កីឡាករមកពីខេត្តកំពតរូបនេះ តែងតែបង្ហាញក្ដីនឹករលឹកដល់អ្នកគាំទ្រ ខណៈរូបគេក៏អន្ទះសារចង់ចូលទីលានប្រកួតវិញយ៉ាងខ្លាំងផងដែរ។ ចំពោះមុខនេះ ចាន់ វឌ្ឍនាកា បានថ្លែងការអគុណដល់អ្នកគាំទ្រ ដែលតែងសួរសុខទុក្ខ និងលើកទឹកចិត្តក្នុងអំឡុងពេលរូបគេព្យាបាលរបួស។ 

«៤០សប្ដាហ៍ ឬស្មើ១០ខែ ក្រោយការវះកាត់ជង្គង់របស់ខ្ញុំរួចរាល់។ បម្រាមហាមឃាត់ត្រូវបានបញ្ចប់ ហើយការអនុញ្ញាតត្រូវបានចាប់ផ្ដើម។ អរគុណគ្រប់គ្នាដែលតែងសួសុខទុក្ខ ក៏ដូចជាបារម្ភលើកទឹកចិត្តខ្ញុំកន្លងមក។ ជួបគ្នាឆាប់ៗនៅលើទីលានសារជាថ្មី»។ នេះជាសំណេររបស់ ចាន់ វឌ្ឍនាកា ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក។ 

សូមជម្រាបថា ចាន់​ វឌ្ឍនាកា កំពុងប្រកបអាជីពឱ្យក្លឹបបឹងកេត ក្នុងប្រទេសកម្ពុជា។ កន្លងទៅ កីឡាករជើងចាស់រូបនេះ បានធ្វើព្យុះភ្លៀងយ៉ាងខ្លាំងក្នុងវិស័យបាល់ទាត់កម្ពុជា ហើយធ្លាប់បានទៅប្រកបអាជីពនៅក្លឹប Fujiyeda MYFC លីគលំដាប់ទី ៣របស់ប្រទេសជប៉ុន និងផ្លាស់ទៅចូលរួមជាមួយក្លឹប Pahang FA និង PKNS FC នៃលីគកំពូលម៉ាឡេស៊ីផងដែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top