អស់​មន្ទិល​សង្ស័យ​ហើយ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹកទី១​

ការ​ប្រកួត​រវាង​អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ ដាច់​ស្រេច​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹកទី១​ ប៉ុណ្ណោះ ខណៈ​ជ័យជម្នះ​បាន​ទៅ​លើ​កូន​សិស្ស​គ្រូ​ឆ្នើម។​

ការ​ប្រកួត​សងសឹក​រវាង​អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ គឺ​ធ្វើ​ឲ្យ​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​តាំង​តែ​ពី​មុន​ប្រកួត​មក​ម្ល៉េះ​តាម​រយៈ​ការ​ប្ដេជ្ញា​ចិត្ត​យក​ឈ្នះ​រៀង​ខ្លួន​រួម​ទាំងការ​ប្រកួត​ដោយ​ហ្គង់​ចេញ​ម្រាមដោយ​មិន​ញញើត​គ្នាទៀត​ផង។​

គូ​នេះ​មិន​ទុក​ពេលវេលា​ឲ្យ​ដើរ​ដោយ​ឥតប្រយោជន៍​នោះ​ឡើយ​គោះជួង​ភ្លាម​បើក​ឆាក​ប្រយុទ្ធ​ភ្លាម​តែ​ម្ដង។​ ដូច​ដឹង​ស្រាប់​ហើយ​ ពេជ្រ​ អាទិទេព​ គឺ​តែងតែ​ដើរ​បុក​ចូល​ជា​និច្ច​សម្រុក​រហូត​ដល់​ វ៉ាន់​ វឿន​ ត្រូវ​រាប់​តាំង​ពី​ដើម​ទឹក​មក​ម្ល៉េះ។​ ដោយ​សារ​តែ​ទប់​និង​កណ្ដាប់​ដៃ​របស់​ ពេជ្រ​ អាទិទេព​ មិន​បាន​ វ៉ាន់​ វឿន​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ជា​លើក​ទី២​ បន្ទាប់​មក​បន្ត​ការ​ប្រកួត​បាន​តែ​បន្តិច​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការ​ប្រកួត​នៅ​ចុង​ទឹក​ទី១​ នេះ​តែ​ម្ដង​ទៅ​។​

មួយ​ប្រកួត​នេះ​គឺ​ជម្រះ​មន្ទិល​សង្ស័យ​របស់​ វ៉ាន់​ វឿន​ ហើយ​ដែល​រូបគេធ្លាប់​​ភ្លាត់​ចាញ់​​ខ្សែក្រវាត់នៅ​សង្វៀន​បាយ័ន​កន្ល​ង។​ ការ​ប្រកួត​ម្សិលមិញ​នេះ​គឺ​ក្រុម​គ្រូ​ឆ្នើម​លោក​ ពេជ្រ​ សុផាន់​ ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ហង្សមាស​តែ​ម្ដង​មិន​ថា​គូ​ ពេជ្រ​ សឹង្ហៈ​ ពេជ្រ​ អាទិទេព​ និង​ ពេជ្រ​ សម្បត្តិ​ ដោយ​យក​ឈ្នះ​ទាំង​អស់​គ្នា​។​ ដោយ​ឡែក​ ពេជ្រ​ អាទិទេព​ លើក​ទី១​ ឈ្នះ​ពិន្ទុ​ វ៉ាន់ វឿន​ នៅ​សង្វៀន​បាយ័ន​ និង​លើក​ទី២​ ឈ្នះ​សន្លប់​ទឹក​ទី១​ នៅ​សង្វៀន​ហង្សមាស៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top