ក្រុម Esports កម្ពុជា ប្តេជ្ញា​​ស្វែង​រក​មេដាយ​ជូន​ជាតិ​ពីកីឡា​ស៊ីហ្គេម នៅ​ថៃ ទោះ​មាន​វិបត្តិ

ថ្នាក់​ដឹក​នាំ និង​អត្តពលិក​នៃ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​មាន​ឆ​ន្ទៈ​ខ្ពស់​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែ​ធ្នូ ឆ្នាំ ២០២៥ ខាង​មុខ។

ក្រោយ​ចូល​រួម​ក្នុង​ពិធី​សំណេះ​សំណាល់​ជា​មួយ​ឯកឧត្តមឧបនាយក​រដ្ឋ​មន្ត្រី ហង់ជូន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក លន់ សាមឌី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​លើក​ឡើង​ថា សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ចូល​រួម​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​គឺ​ក្នុង​នាម​ជា​សហគមអាស៊ាន និង​គោរព​តាមគោលការណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា ៖«សហព័ន្ធ​កីឡាអេឡិចត្រូនិក​កម្ពុជា បាន​សម្រេច​បញ្ជូន​ ២ ក្រុម​លើ​វិញ្ញាសា Mobile Legends Bang Bang គឺ ក្រុម​បុរស និង​ក្រុម​នារី ទៅ​ចូល​រួម​ប្រកួត។ មួយ​វិញ​ទៀត ​ការ​ចូល​រួម​នេះ ដូច​ដែល​កីឡាករ កីឡាការិនី​​បាន​ដឹង​​ក្នុង​ពិធី​សំណេះ​សំណាល់​ជា​មួយ​ឯកឧត្តម​ឧបនាយករដ្ឋ​មន្ត្រី ហង់ជូន ណារ៉ុន គឺ​យើង​ចូល​រួម​ក្នុង​​នាម​ជា​សហគមតំបន់​អាស៊ាន។ ថៃ​នឹង​មើល​ថែ​យើង​ដូច​ជា​ប្រតិភូ​ខ្មែរ​ដូច​ជា​ប្រតិភូ​របស់​ប្រទេស​ផ្សេង​ទៀត​ដែរ។ សម្រាប់​ការ​ចូល​រួម​នេះ​គឺ​យើង​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​រាជ​រដ្ឋាភិបាល ជា​ពិសេស​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺ​យើង​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត»។

សមាជិក​ម្នាក់​ក្នុង​ក្រុម​​កីឡាការិនី​អេឡិចត្រូនិក​ជម្រើស​ជាតិកម្ពុជា​បាននិយាយ​ថា ៖«ពួក​យើង​នឹង​ខិត​ខំ​​ធ្វើ​ឲ្យ​បាន​ល្អ​ដើម្បី​យក​មេដាយ​ជូន​ជាតិ។ យើង​ទៅ​ចូល​រួម​ប្រកួត​ក្នុង​នាម​ជា​អ្នក​កីឡា​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ សូម​បង​ប្អូន​​អ្នក​​គាំទ្រ​ផ្តល់​កម្លាំង​ចិត្ត​​ដល់​ពួក​ខ្ញុំ​ផង»។​

ដោយ​សមាជិក​ក្នុង​ក្រុម​បុរស​បាន​និយាយ​ថា ៖«ខ្ញុំ​ចង់​ទៅ​ប្រកួត​ដើម្បី​ស្វែង​រក​មេដាយ​មែន​ទែន។ យើង​មាន​អារម្មណ៍​ព្រួយ​បារម្ភ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​បាន​លើក​ឡើង​ពី​ការពារ​សុវត្ថិភាព​របស់​ពួក​យើង ដូច្នេះយើង​ធូរ​ចិត្ត​»។

កីឡាករ​បាន​បន្ត​ថា ៖«ការ​ទៅ​ចូល​រួម​នេះ​គឺ​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិត​បង្ខំ​ទេ។ ពួក​ខ្ញុំ​រំពឹង​ថា អាច​បាន​មេដាយ​ជូន​ជាតិ ហើយ​សូម​អ្នក​គាំទ្រ​តាម​ដាន លើក​ទឹក​ចិត្ត​ដល់​ពួក​ខ្ញុំ​»។

កម្ពុជា បាន​សម្រេច​បញ្ជូន​កីឡា ២១ ប្រភេទ​​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ប្រទេស​ថៃ​គឺ​កីឡា អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top