អ្នក​ជំនាញ​កីឡា​ ចង់​ឲ្យ​ខេត្ត​ព្រះសីហនុ​ល្បី​ខាង​​ផ្នែក​កីឡាប្រដាល់​​ដូច​ Las Vegas សហរដ្ឋអាមេរិក

ថ្នាក់​ដឹកនាំ​ផ្នែក​កីឡា​ លោក​ វ៉ាត់​ ចំរើន​ ចង់​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ​ឲ្យ​មាន​ភាព​ល្បីល្បាញ​ដូច​ទៅ​ហ្នឹង​ទីក្រុង Las Vegas របស់​សហរដ្ឋ​អាមេរិក​ដែល​ប្រជុំ​ដោយ​ការ​ប្រកួត​ប្រដាល់​ធំៗ​ដែល​មាន​គេ​ដឹង​​ទូទាំង​ពិភពលោក និង​មាន​សន្ទុះ​ការ​គាំទ្រ​ខ្លាំង។​

លោក​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​​ និង​ជា​អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បញ្ចប់​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​កន្លង​ទៅ​នេះ​កីឡា​គុន​ខ្មែរ​មាន​ភាព​ល្បីល្បាញ​ពាសពេញ​ពិភពលោក​ព្រម​ទាំង​ទទួល​បាន​ការ​ចុះឈ្មោះ​ជា​សមាជិក​កើន​ឡើង​ដល់​ជាង​ ៦០​ប្រទេសឯណោះ។​

កម្ពុជា​មាន​គោលដៅ​ជា​ច្រើន​ទៀត​ក្នុងការ​ជំរុញ​ និង​អភិវឌ្ឍន៍​កីឡា​គុន​ខ្មែរ​នេះ​ពី​កម្រិត​តំបន់​អាស៊ីអាគ្នេយ៍​ទៅ​តំបន់​​ទ្វីប​ និង​ឆ្ពោះ​ទៅ​កាន់​អូឡាំពិក។​ កម្ពុជា​មាន​គោលដៅ​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ ដូច្នេះ​ដើម្បី​សម្រេច​ចក្ខុវិស័យ​មួយ​នេះ​ទាល់តែ​មហាជន​ទូទាំង​ប្រទេស​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​ទាំង​លទ្ធភាព​​ក្នុង​ការ​អភិវឌ្ឍន៍​ និង​អភិរក្ស។​

អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ដែល​មាន​សក្កានុពល​សេដ្ឋកិច្ច​ខ្ពស់​។ លោក​ចង់​ឲ្យ​ខេត្ត​មួយ​នេះដូច​ជា​​គំរូ​ដែល​គេ​ធ្លាប់​ធ្វើ​នៅ​សហរដ្ឋអាមេរិក​ និង​​គ្រប់​គ្នា​គិត​ដល់​​ Las Vegas គឺតែងតែ​​និយាយ​ពី​ការ​ប្រកួត​ប្រដាល់​ធំៗលើ​ពិភពលោក​នៅ​ទីនោះ​​។​ កម្ពុជា​ក៏​ដូច​គ្នា​ចង់​ឲ្យ​ខេត្ត​ព្រះសីហនុ​ក្លាយ​ជា​កន្លែង​អញ្ជើញ​ជើង​ខ្លាំង​ៗលើ​ពិភពលោក​មក​ប្រកួត​នៅ​ទីនេះ។​ ហេតុ​ដូច​នេះ​ទាល់តែ​ខេត្ត​មួយ​នេះ​ចងក្រម​បណ្ដា​សណ្ឋាគារ​ទៅ​ជា​​សមាគម​មួយ​ និង​សហការ​ជា​មួយ​ខាង​ជំនាញ​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ​រៀបចំ​ធ្វើការ​ប្រកួត​​ជា​រៀងរាល់​ឆ្នាំ​ និង​លើក​​តម្លៃ​កីឡាករ​ និងវិស័យ​កីឡា​គុន​ខ្មែរ ឲ្យ​​កាន់​តែ​ខ្ពស់ទៅ​ៗរហូត​ដល់​ពិភពលោក​ចាប់​អារម្មណ៍​មក​ទស្សនា​ការ​ប្រកួត​គុន​ខ្មែរ​ពិភពលោក​នៅ​ទីនេះ។​

នេះ​ជា​សុបិន​ទាំង​អស់​គ្នា​ដែល​គ្រប់​គ្នា​ត្រូវ​ខំប្រឹង​ប្រែង​ធ្វើ​កិច្ចការងារ​នេះ​ជា​មួយ​រដ្ឋបាល​ខេត្ត​ដើម្បី​កៀងគរ​ការ​ចូលរួម​ និង​ដាក់​ផែនការ​ចាប់​ផ្ដើម​ពី​ឆ្នាំ​ណា​ឈាន​ទៅ​ដល់​ការ​បង្កើត​ជា​កេរ្តិ៍ឈ្មោះ​ នៃ​​ការ​ប្រកួត​គុន​ខ្មែរដ៏​ធំ​មួយ​​លក្ខណៈ​អាជីព​លើ​ពិភពលោក​ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ។​

បញ្ជាក់​ដែរ​ថា​ ការ​លើក​ឡើង​របស់​លោក​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​​ យុវជន​ និង​កីឡា​ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នេះ​ក្នុង​កម្មវិធី​សន្នីសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ស្ដី​ការ​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ លើក​ទី៦​ នៅ​ខេត្ត​ព្រះសីហនុ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top