ថ្នាក់ដឹកនាំផ្នែកកីឡា លោក វ៉ាត់ ចំរើន ចង់ប្រែក្លាយខេត្តព្រះសីហនុឲ្យមានភាពល្បីល្បាញដូចទៅហ្នឹងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិកដែលប្រជុំដោយការប្រកួតប្រដាល់ធំៗដែលមានគេដឹងទូទាំងពិភពលោក និងមានសន្ទុះការគាំទ្រខ្លាំង។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការ NOCC បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជាកន្លងទៅនេះកីឡាគុនខ្មែរមានភាពល្បីល្បាញពាសពេញពិភពលោកព្រមទាំងទទួលបានការចុះឈ្មោះជាសមាជិកកើនឡើងដល់ជាង ៦០ប្រទេសឯណោះ។
កម្ពុជាមានគោលដៅជាច្រើនទៀតក្នុងការជំរុញ និងអភិវឌ្ឍន៍កីឡាគុនខ្មែរនេះពីកម្រិតតំបន់អាស៊ីអាគ្នេយ៍ទៅតំបន់ទ្វីប និងឆ្ពោះទៅកាន់អូឡាំពិក។ កម្ពុជាមានគោលដៅច្រើននៅថ្ងៃខាងមុខនេះ ដូច្នេះដើម្បីសម្រេចចក្ខុវិស័យមួយនេះទាល់តែមហាជនទូទាំងប្រទេសជួយឧបត្ថម្ភគាំទ្រទាំងស្មារតីទាំងលទ្ធភាពក្នុងការអភិវឌ្ឍន៍ និងអភិរក្ស។
អ្នកជំនាញផ្នែកកីឡារូបនេះបន្ថែមទៀតថា ខេត្តព្រះសីហនុជាខេត្តដែលមានសក្កានុពលសេដ្ឋកិច្ចខ្ពស់។ លោកចង់ឲ្យខេត្តមួយនេះដូចជាគំរូដែលគេធ្លាប់ធ្វើនៅសហរដ្ឋអាមេរិក និងគ្រប់គ្នាគិតដល់ Las Vegas គឺតែងតែនិយាយពីការប្រកួតប្រដាល់ធំៗលើពិភពលោកនៅទីនោះ។ កម្ពុជាក៏ដូចគ្នាចង់ឲ្យខេត្តព្រះសីហនុក្លាយជាកន្លែងអញ្ជើញជើងខ្លាំងៗលើពិភពលោកមកប្រកួតនៅទីនេះ។ ហេតុដូចនេះទាល់តែខេត្តមួយនេះចងក្រមបណ្ដាសណ្ឋាគារទៅជាសមាគមមួយ និងសហការជាមួយខាងជំនាញសហព័ន្ធគុនខ្មែរអន្តរជាតិរៀបចំធ្វើការប្រកួតជារៀងរាល់ឆ្នាំ និងលើកតម្លៃកីឡាករ និងវិស័យកីឡាគុនខ្មែរ ឲ្យកាន់តែខ្ពស់ទៅៗរហូតដល់ពិភពលោកចាប់អារម្មណ៍មកទស្សនាការប្រកួតគុនខ្មែរពិភពលោកនៅទីនេះ។
នេះជាសុបិនទាំងអស់គ្នាដែលគ្រប់គ្នាត្រូវខំប្រឹងប្រែងធ្វើកិច្ចការងារនេះជាមួយរដ្ឋបាលខេត្តដើម្បីកៀងគរការចូលរួម និងដាក់ផែនការចាប់ផ្ដើមពីឆ្នាំណាឈានទៅដល់ការបង្កើតជាកេរ្តិ៍ឈ្មោះ នៃការប្រកួតគុនខ្មែរដ៏ធំមួយលក្ខណៈអាជីពលើពិភពលោកដែលធ្វើជារៀងរាល់ឆ្នាំ។
បញ្ជាក់ដែរថា ការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះក្នុងកម្មវិធីសន្នីសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីការរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ នៅខេត្តព្រះសីហនុ៕
ប្រភព៖ KAMPUCHEATHMEY



