ថ្ងៃ​នេះ ត្បូងឃ្មុំ ជួប កំពង់ចាម, ភ្នំពេញហ្គាឡាក់ស៊ី​ ជួ​ប សៀមរាប វគ្គ១/២ ពានសម្តេចតេជោថ្នាក់ខេត្ត

ក្រុមខ្លាំង ៤ បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ខេត្ត) ត្រូវ​ប្រកួត​ជើង​ទី​១ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ការ​ប្រកួត​ជើង​ទី១ ក្រុម ភ្នំពេញហ្គាឡាក់ស៊ី ​ប្រកួត​ជា​មួយ ឡាយអ៉ិនឃីង​សៀមរាប នៅ​កីឡដ្ឋាន អាគីហ៊ីរ៉ូកាតុ ខេត្ត​សៀមរាប វេលា​ម៉ោង ៣:៣០​នាទី​រសៀល។ ចំណែក ក្រុមខេត្ត ត្បូងឃ្មុំ ត្រូវជួបជាមួយក្រុមខេត្ត កំពង់ចាម នៅ​ទី​លាន​វិទ្យាល័យ ព្រះ​សីហនុ វេលា​ម៉ោង ៣:៣០​នាទី​រសៀល។

ក្រុម​ត្បូងឃ្មុំ កំពុងឈរជាក្រុមជោគជ័យជាងគេបំផុត សម្រាប់ការប្រកួតពានរង្វាន់សម្តេចជោថ្នាក់ខេត្ត គិតចាប់តាំងពីចាប់​ផ្តើម​លើក​ដំបូង​នៅ​ឆ្នាំ​ ២០១៨។ ពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានចំនួន ៦ លើក ដោយគិតទាំងរដូវកាល ២០២៥-២០២៦។ ជាលទ្ធផលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៥ លើក គឺ​ឈ្នះជើងឯកបានចំនួន ២ លើក គឺនៅឆ្នាំ ២០១៩ និងរដូវកាលមុន ២០២៤-២០២៥។

ឡែកកីឡាករ ដែលកំពុងលេចធ្លោបំផុតនៅរដូវកាលនេះវិញ ក៏ជាកីឡាកររបស់ខេត្ត ត្បូងឃ្មុំ ផងដែរ ដោយបច្ចុប្បន្ន សារី តៃម៉ូ កំពុងឈរនៅតំណែងកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ (Top Scorers) ពោលគឺចំនួន ២១ គ្រាប់។ រីឯកីឡាករ ទេព សើហ្វីអ៉ី របស់ក្រុមខេត្ត កំពត ជាកីឡាករឈរនៅតំណែងលេខ ២ ប៉ុន្តែចាញ់គ្រាប់បាល់ តៃម៉ូ ដល់ទៅ ១១ គ្រាប់ឯណោះ ដោយបច្ចុប្បន្នកីឡាកររកបាន ១០ គ្រាប់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top