លោក​ រិគី​ ព្រម​ទទួល​ ឡុង​ ពិសិដ្ឋ​ ឲ្យ​ចូល​ហ្វឹកហាត់​វិញ​តែ​ត្រូវ​គោរព​លក្ខខណ្ឌ​ទាំង​នេះ​ដាច់ខាត…

នៅ​រសៀល​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ​លោក​ រិគី​ គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​ខ្លារខិន​បាន​យល់ព្រម​ទទួល​យក​កីឡាករ​ ឡុង​ ពិសិដ្ឋ​ ឲ្យ​ចូល​ហ្វឹកហាត់​ក្នុង​ក្លឹប​វិញ​ហើយក្រោយ​ការ​សម្របសម្រួល​ពី​លោក​ ហាក់​ សុខហេង​ ព្រម​ជា​មួយ​លក្ខខណ្ឌ​តឹងរឹង​មួយ​ចំនួន។​

នេះបើតាមវីដេអូរបស់ក្លឹបខ្លារខិន គឺបញ្ជាក់ថានៅរសៀលថ្ងៃនេះគឺលោក រិគី បានយល់ព្រមទទួលយកកីឡាករ ឡុង ពិសិដ្ឋ ឲ្យចូលហ្វឹកហាត់ក្នុងក្លឹបវិញហើយចាប់ពីពេលនេះតទៅ។ ការយល់ព្រមនេះដោយសារតែលោក រិគី យល់យោគមុខលោក ហាក់ សុខហេង ដែលជាអ្នកមានគុណមកលើខ្លួននាពេលកន្លងមកអំពីការផ្ដល់ការងារផ្សេងៗនៅស្ថានីយទូរទស្សន៍ថោន។

គ្រូបង្វឹករបស់ក្លឹបខ្លារខិនខាងលើបន្តទៀតថា បើតាមកំហុស និងការប្រមាថរបស់ ឡុង ពិសិដ្ឋ កន្លងមកមកលើរូបលោកគឺលោកមិនអនុញ្ញាតឲ្យកីឡាកររូបនេះវិលត្រឡប់មកកាន់ក្លឹបវិញជាដាច់ខាត។ ដោយសារការប្រមាថ និងកំហុសនេះមានច្រើនដងពេក និងធ្ងន់ធ្ងរចំពោះរូបលោក ប៉ុន្តែដូចបានលើកឡើងខាងលើអីចឹងគឺយល់យោគលោក ហាក់ សុខហេង ទើបមិនអាចប្រកែកបាន។

យ៉ាងណា​កីឡាករ​ ឡុង​ ពិសិដ្ឋ​ ត្រូវ​អនុវត្តន៍​លក្ខខណ្ឌ​ទាំង​នេះ​ឲ្យ​បាន​ជា​ដាច់​ខាត​គឺ​ហាម​មិន​ឲ្យ​ដើរលេង​យប់​ ហាមដាច់​យប់​ ហាម​មា​ន​ស្រី​ផ្ដេសផ្ដាស​ និង​តម្ដល់​ថវិកា​ ២លាន​រៀល​អំឡុង​ពេល​ចូល​ហ្វឹកហាត់​វិញ​នេះ។​ បញ្ជាក់​ថា​ថវិកា​ ២លានរៀល​​នេះ​នឹង​ប្រគល់​ទៅ​ឲ្យ​ ឡុង​ ពិសិដ្ឋ​ វិញ​នៅ​ពេល​ធ្វើ​ខ្លួន​បាន​ល្អ​ និង​អនុវត្តន៍​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ​របស់​ក្លឹប​នៅ​ថ្ងៃ​ខាង​មុខ។​

បញ្ជាក់​ដែរ​ថា​ ឡុង​ ពិសិដ្ឋ​ បន្ទាប់​ពី​មាន​បញ្ហា​ជា​មួយ​លោក​ រិគី​ ដែល​ជា​គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​ខ្លារខិន​ លើក​ចុង​ក្រោយ​នេះ​បាន​ចាកចេញ​​ និង​ឈប់​ពី​ប្រដាល់​ប្រហែល​ជិត​ ៤​ខែ​មកហើយ។​ ការ​សម្របសម្រួល​របស់​លោក​ ហាក់​ សុខហេង​ រវាង​គ្រូ​ប្រដាល់លោក​​ រិគី​ និង​កីឡាករ​ ឡុង​ ពិសិដ្ឋ​ នេះ​ធ្វើ​ឡើង​នៅ​ឯ​ក្លឹប​ខ្លារខិន​ផ្ទាល់​នា​រសៀល​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top