សមិទ្ធផលធំៗធ្វើឱ្យស្មាត់ អ៊ីតាលី Michieletto ជាប់ជាកីឡាករលេខ ១ ក្នុងលោកឆ្នាំ ២០២៥

ស្មាត់ធំរបស់ក្រុមបាល់ទះជម្រើសជាតិ អ៉ីតាលី កីឡាករ Alessandro Michieletto បានសាងនូវសមិទ្ធផលធំៗជាច្រើន រហូតត្រូវបានស្ថាប័ន Volleyball World ជ្រើសរើសជាកីឡាករល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៥។

កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ Volleyball World បានវាយតម្លៃចំណាត់ថ្នាក់កីឡាករបាល់ទះកំពូលទាំង ១០ សម្រាប់ឆ្នាំ ២០២៥ ក្នុងនោះកីឡាករ Alessandro Michieletto ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ឱ្យស្ថិតនៅលេខរៀងទី ១ ដោយឈរនៅលើកីឡាករបាល់ទះកំពូលៗជាច្រើនដូចជា កីឡាករ Alex Nikolov, កីឡាករ Simone Gianelli, កីឡាករ Jakub Kochanowski និង ស្មាត់ជម្រើសជាតិ ប៉ូឡូញ Wilfredo Leon ជាដើម។

 

កត្តា ដែលនាំឱ្យស្ថាប័នបាល់ទះដ៏ធំមួយនេះ សម្រេចផ្តល់ចំណាត់ថ្នាក់លេខ ១ ឱ្យទៅ Alessandro Michieletto ដោយសារនៅឆ្នាំ ២០២៥ កីឡាករបានបង្ហាញសមត្ថភាពលេចធ្លោខ្លាំង ទាំងជាមួយក្លិប និងជម្រើសជាតិ អ៉ីតាលី។ កីឡាករវ័យ ២៤ ឆ្នាំ កម្ពស់ ២.១១ ម៉ែត្រ រូបនេះ បានដើរតួសំខាន់ក្នុងការវាយផ្តាច់រកពិន្ទុជូនក្រុម រហូតជួយឱ្យក្រុម Itas Trentino ឈ្នះជើងឯកលីគកំពូល អ៉ីតាលី (Italian Serie A1) រដូវកាល ២០២៤-២០២៥។

ដោយឡែកនៅជម្រើសជាតិ អ៉ីតាលី វិញ Michieletto បានឈ្នះជើងឯកពានរង្វាន់បាល់ទះជើងឯកពិភពលោក (World Championship 2025) និងនៅពានរង្វាន់ Volleyball Nations League ទទួលបានជើងឯករង។ ក្នុងពានបាល់ទះជើងឯកពិភពលោក Michieletto បានឈ្នះពានឯកត្តជន ២ ម្នាក់ឯងរួមមានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (MVP) និងអ្នកវាយផ្តាច់ល្អបំផុត។ រីឯនៅពាន Nations League កីឡាករបានឈ្នះពានអ្នកវាយផ្តាច់ល្អបំផុត។

តាមរយៈសមិទ្ធផលខាងលើ បានក្លាយជាសក្ខីភាពដ៏សក្តិសម ដើម្បីឱ្យស្ថាប័ន Volleyball World សម្រេចវាយតម្លៃ Michieletto ជាកីឡាករបាល់ទះកំពូលក្នុងលោកឆ្នាំ ២០២៥៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top