ក្រុមបាល់ទាត់ Lion City Sailors របស់សិង្ហបុរី ត្រូវការស្វែងរកកំណត់ត្រាល្អនៅពេលពួកគេជួប ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៧:៣០នាទី យប់ ថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Club Championship។
នេះជាការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ Lion City Sailors ហើយពួកគេក៏អស់ឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ ចំណែក ព្រះខ័នរាជស្វាយរៀង ជាការប្រកួតលើកទី៤ និងនៅមានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុម Lion City រកបាន ៤ ពិន្ទុ ស្ថិតនៅលេខ ៤ ក្នុងតារាងពូល B បន្ទាប់ពីបានឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត អស់ឱកាសឡើងវគ្គបន្តហើយ ប៉ុន្តែពួកគេត្រូវការឈ្នះ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អគឺនៅលើ ព្រះខ័នរាជស្វាយរៀង។ ប្រសិនបើ ពួកគេចាញ់ ពួកគេនឹងមានចំណាត់ថ្នាក់ទាប ហើយពិបាកស្វែងរកកៅអីនៅរដូវកាលក្រោយ។
ចំណែក ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះច្រើនគ្រាប់ដើម្បីបន្តក្តីសង្ឃឹមក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមតំណាងកម្ពុជានេះទើបឆ្លងកាត់ ៣ ប្រកួត រកបាន ៤ ពិន្ទុ ពីការឈ្នះ១ ស្មើ១ និងចាញ់ ១ កំពុងស្ថិតនៅលេខ ៣ ក្នុងពូល។ ប្រសិនបើការប្រកួតនេះបញ្ចប់ត្រឹមលទ្ធផលស្មើក៏ ព្រះខ័នរាជស្វាយរៀង អស់ឱកាសដែរ ពីព្រោះក្រុមខ្លាំង Johor Darul Tazim ស្ថិតនៅលេខ ២ មាន ១០ ពិន្ទុស្រាប់ហើយដែលមានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គបន្ត។
ជាមួយគ្នានេះ លោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង មានការជឿជាក់លើកូនក្រុមធ្វើបានល្អ។ លោកបានប្រាប់«កម្ពុជាថ្មី»មុនចេញទៅសិង្ហបុរីថា ៖«ការប្រកួតអន្តរជាតិកន្លងទៅយើងប៉ះសុទ្ធតែក្រុមខ្លាំងៗជាងយើង ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អ ហើយលើកនេះ យើងនៅតែសង្ឃឹមធ្វើបានល្អទៀត ដើម្បីនាំភាពរីករាយជូនអ្នកគាំទ្រ»។
នៅពូលជាមួយគ្នានេះ ក្រុម Nam Dinh របស់ វៀតណាម បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានឈ្នះទាំង ៤ ប្រកួត រកបាន ១២ ពិន្ទុ ឈរលើកំពូលតារាង។ ការប្រកួតចុងក្រោយ ពួកគេមិនខ្វល់អ្វីទាំងអស់ នៅពេលជួបក្រុម Johor។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នៅសល់ ១ ប្រកួតទៀតជាមួយ Bangkok United ដែលមិនទាន់ប្រកាសកាលបរិច្ឆេទនៃការប្រកូតថ្មី៕
ប្រភព៖ KAMPUCHEATHMEY



