ប៉ះគ្នា​ថ្ងៃ​ស្អែក Lion City ត្រូវ​ការឈ្នះ​ដើម្បី​កំណត់​ត្រា​ល្អ ខណៈ ព្រះខ័នរាជស្វាយរៀង មាន​ទំនុក​ចិត្ត

ក្រុម​បាល់ទាត់ Lion City Sailors របស់​សិង្ហបុរី ត្រូវ​ការ​ស្វែង​រក​កំណត់​ត្រា​ល្អ​នៅ​ពេល​ពួក​គេ​ជួប​ ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង ៧:៣០​នាទី យប់​ ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ ASEAN Club Championship។

នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់ក្រុម​ម្ចាស់​ផ្ទះ Lion City Sailors ហើយ​ពួក​គេ​ក៏​អស់​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែរ។ ចំណែក​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ការប្រកួត​លើក​ទី​៤ និង​នៅ​មាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ក្រុម Lion City រក​បាន ៤ ពិន្ទុ ស្ថិតនៅ​លេខ ៤ ក្នុង​តារាង​ពូល B បន្ទាប់​ពី​បាន​ឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និង​ចាញ់ ២ ប្រកួត អស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​ឈ្នះ ដើម្បី​​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​គឺ​នៅ​លើ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ប្រសិន​បើ ពួក​គេ​ចាញ់ ពួក​​គេ​នឹង​​មាន​ចំណាត់​ថ្នាក់​ទាប ហើយ​ពិបាក​ស្វែង​រក​កៅអី​នៅ​រដូវ​កាល​ក្រោយ​។

មិន​ត្រឹម​តែ​ដើម្បី​​រក្សា​ចំណាត់​ថ្នាក់​ល្អ​ក្នុង​ពូល​​សម្រាប់​រដូវ​កាល​ក្រោយ​ប៉ុណ្ណោះ​ទេ ក្រុម Lion City Sailors ក៏​ត្រូវ​ការ​ឈ្នះ​ដើម្បី​មាន​ស្ថិតិ​ល្អ​លើ​ក្រុម​របស់​កម្ពុជា ពី​ព្រោះ​ពួក​គេ​ជា​ក្រុម​ខ្លាំង​ដែល​កំពុង​លេង​ពាន​​អាស៊ី​កម្រិត​ទី២ AFC Champions League Two។

ចំណែក ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ការ​ឈ្នះ​ច្រើន​គ្រាប់​ដើម្បី​បន្ត​ក្តី​សង្ឃឹម​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ក្រុម​តំណាង​កម្ពុជា​នេះ​ទើប​ឆ្លង​កាត់ ៣ ប្រកួត រ​ក​បាន ៤ ពិន្ទុ ពី​ការឈ្នះ១ ស្មើ១ និង​ចាញ់ ១ កំពុង​ស្ថិត​នៅ​លេខ ៣ ក្នុង​ពូល។ ប្រសិនបើ​ការ​ប្រកួត​នេះ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​ក៏ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​អស់​ឱកាស​ដែរ​ ពី​ព្រោះ​ក្រុម​ខ្លាំង Johor Darul Tazim ស្ថិត​នៅ​លេខ ២ មាន ១០ ពិន្ទុ​ស្រាប់​ហើយ​ដែល​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត។

ជា​មួយ​គ្នា​នេះ លោក Matthew McConkey គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​ការ​ជឿ​ជាក់​លើ​កូន​ក្រុម​ធ្វើ​បាន​ល្អ។ លោកបាន​ប្រាប់«កម្ពុជា​ថ្មី»មុន​ចេញ​ទៅ​សិង្ហបុរី​​ថា ៖«ការ​ប្រកួត​អន្តរជាតិ​កន្លង​ទៅ​យើង​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំងៗ​​ជាង​យើង​ ប៉ុន្តែ ព្រះ​ខ័ន​រាជ​​ស្វាយរៀង ​ធ្វើ​បាន​ល្អ ហើយ​លើក​នេះ​ យើង​​នៅ​តែ​សង្ឃឹម​​ធ្វើ​បាន​ល្អទៀត ដើម្បី​នាំ​ភាព​រីក​រាយ​ជូន​អ្នក​គាំទ្រ»។

នៅ​ពូល​ជា​មួយ​គ្នា​នេះ ក្រុម Nam Dinh របស់ វៀតណាម បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​បាន​ឈ្នះ​ទាំង ៤ ប្រកួត រក​បាន ១២​ ពិន្ទុ ឈរ​លើ​កំពូល​តារាង។ ការ​ប្រកួត​ចុង​ក្រោយ​ ពួក​គេ​មិន​ខ្វល់​អ្វី​ទាំង​អស់ នៅ​ពេល​ជួប​ក្រុម Johor។

សូម​បញ្ជាក់​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​​សល់ ១ ប្រកួតទៀត​ជា​មួយ Bangkok United ដែល​មិន​ទាន់​ប្រកាស​កាល​បរិច្ឆេទ​នៃ​ការ​ប្រកូត​ថ្មី៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top